ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០តាមរយៈបណ្តាញសង្គម Facebook របស់ខ្លួន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះលោក បានបញ្ជាក់នូវការដាក់វិធានការថ្មីៗ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា តាមរយៈការសម្រេចជាបណ្តោះអាសន្ននូវជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលមកកម្ពុជាដោយសារតែរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនច្រើន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះ កម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរ មកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ ១៥,៥៨១,០០៩ នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ៦៣៥,១៧៣ នាក់។ រីឯប្រទេសកម្ពុជាវិញ អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ ២២៥នាក់ អ្នកព្យាបាលជាមានចំនួន ១៤៣នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២នាក់។ ប្រទេសកម្ពុជាគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។
ជាមួយគ្នានេះដើម្បីការពារជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត៕