គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អភិបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋជិត ១៧០០គ្រួសារ នៅ តំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិសែនជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១​ |
    អភិបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋជិត ១៧០០គ្រួសារ នៅ តំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិសែនជ័យ អភិបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋជិត ១៧០០គ្រួសារ នៅ តំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិសែនជ័យ

    ភ្នំពេញ​៖ នារសៀលថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជូនដល់​បង​ប្អូន​ប្រជាពលរដ្ឋចំនួន ១.៦៩៤គ្រួសារ ដែល​រស់​នៅក្នុងតំបន់បិទខ្ទប់ ក្នុង​ភូមិ​ចោម​ចៅ​៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ ដែល​មាន​ឆ្លង​រីក​រាល​ដាល​ធ្ងន់​ធ្ងរ​ នៃជំងឺកូវីដ១៩។

    ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូនពិតជាធ្វើឲ្យប្រជាពលរដ្ឋ មាន​​ការ​​លំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឲ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឲ្យមានការចុះចែកគ្រឿង ឧបភោគ បរិភោគភ្លាមៗ ជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

    លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១,៦៩៤គ្រួសារ ដែលរស់នៅក្នុង សង្កាត់ចោមចៅទី១ រីឯ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះ​អាជ្ញាធរបាន​ចែក​អំណោយ​តាមខ្នង​ផ្ទះជាបន្តបន្ទាប់ សរុបបានប្រមាណ ១,៩០០គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ៕

    អត្ថបទទាក់ទង