លោកជំទាវ ឱ វណ្ណឌីន៖ «បើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ ដែរ»
ភ្នំពេញ៖ តាមរយៈសារTelegram នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រងការចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា បើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថាក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កើតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជាត្រេកអរ ។ តែសម្រាប់បុគ្គលគ្រប់រូបសភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយើងចង់បាន គឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។
លោកជំទាវបន្តថា វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។ សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលើនេះ ដើម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណៈ និងសេដ្ឋកិច្ចទាំងអស់គ្នា៕