រាជរដ្ឋាភិបាល ចំណាយថវិកា ៣២២លានដុល្លារ ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាង៣២២លានដុល្លារ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចបានបន្តថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ ឧបត្ថម្ភ មានចំនួន ៦៩៣ ៩៣៣ គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១នាក់ (រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង, និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍) បានទទួលការឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមពិសេសនេះ ដោយរាជរដ្ឋាភិបាល បានចំណាយថវិកា សរុបចំនួន ១ ២៩១ ២៤៣ ៨៥៦ ០០០ រៀល ស្មើនឹង ៣២២,៨១ លានដុល្លារអាមេរិក។
ជាមួយគ្នានេះ បើគិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវអនុវត្តបានរយៈពេល ពេញ១ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាន និងកំពុងទទួលបានការគាំពារ និងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ «កម្មវិធី» នេះ ក៏ទទួលបានការសាទរផងដែរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។