លទ្ធផល នៃទស្សនកិច្ចការងាររបស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន
តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២១។
ក្នុងឱកាស នៃទស្សនកិច្ចខាងលើនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន, កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និងមានជំនួបទ្វេភាគីជាមួយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ដុន ប្រាមុតវិណៃ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ។