ប្រមុខការទូតកម្ពុជា-ឥណ្ឌា នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM)នៅថ្ងៃទី២១កក្កដា តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។
សេចក្ដីប្រកាសឲ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ១៩។ រដ្ឋមន្ត្រីទាំងអស់ រំពឹងថា នឹងផ្លាស់ប្ដូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម៕