លោកយាយ លោកតា អាយុជាង ១០០ឆ្នាំ ចំនួន០៤នាក់ទៀត បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ
ត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៤នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ ដែលទទួលបានថវិកាក្នុង ០១នាក់ ចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
លោកយាយ លោកតា ទាំង០៤រូបនោះ មានឈ្មោះ៖ ទី១ លោកយាយ ផាន់ ស៊ន់អាយុ១០១ឆ្នាំ រស់នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ទី២.លោកយាយសាន់ ម៉ៃសុំជាជនជាតិខ្មែរឥស្លាម មានអាយុ១០៣ឆ្នាំ រស់នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី៣.ទី៤.ជាប្តីប្រពន្ធនឹងគ្នាគឺលោកតានង សនអាយុ១០១ឆ្នាំ និងលោកយាយមាស ហ៊ិនអាយុ១០៣ឆ្នាំ រស់នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។