«ទិវាពិភពលោកស្អាត» ឆ្នាំ២០២០ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៩ ដល់ ២៦ ខែកញ្ញា
ភ្នំពេញ៖ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សហការជាមួយអង្គការ Lets do its! World និងអង្គការ River and Oceen Cleanup នឹងរៀបចំ«ទិវាពិភពលោកស្អាត» ដែលនឹងប្រព្រឹត្តឡើងនៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី១៩ដល់២៦ ខែកញ្ញា ឆ្នាំ២០២០។
បើទោះបីជាពិភពលោកទាំងមូលកំពុងប្រឈម នឹងបញ្ហាជំងឺឆ្លងកូវីដ១៩ ក៏ដោយ ពិភពលោកទាំងមូលនៅតែគិតគូរពីបរិស្ថាននៅជុំវិញខ្លួនដែរ។ ទិវាពិភពលោកស្អាតឆ្នាំ២០២០ នឹងរៀបចំឡើងដោយមានការចូលរួមពីប្រទេសសមាជិកប្រមាណ ១៥៨ប្រទេស លើពិភពលោក។ ប្រទេសកម្ពុជាយើងនឹងបន្តចូលរួមរៀបចំ ទិវាពិភពលោកស្អាត ដើម្បីចូលរួមចំណែកជាមួយពិភពលោក និងដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងបរិស្ថាន ដោយអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
សូមជំរាបជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ ទិវាពិភពលោកស្អាត នេះត្រូវបានរៀបចំឡើងនៅប្រទេសចំនួន១៥៩ និងមានអ្នកចូលរួមសរុបប្រមាណ ២១លាននាក់ និងប្រមូលសំរាមបានប្រមាណ ១០០ ០០០តោន៕