ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរជន នាំយកអំណោយប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន បាននាំយកអំណោយប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជំនួសមុខឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការរដ្ឋានគរបាលបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសំដែងនូវសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបាននាំយកអំណោយជាច្រើនជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ។
អគ្គស្នងការរងបន្តថា កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញ ការខ្វះខាត របស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមឱ្យមានសុខភាពល្អ និងសម្រេចបាន ជោគជ័យ គ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ។
នៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិបានបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការថែររក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយសកម្មភាពទាំងនេះ ពិតជាមានតម្លៃណាស់សម្រាប់ភាពសុខសាន្តរបស់យើងទាំងអស់គ្នា។ កងកម្លាំងនគរបាលជាតិរបស់យើង មិនថាក្នុងដំណាក់កាលមុនកូវីដ ១៩ ក្នុងពេលកូវីដ ១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារ ដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញជាដើម។
ជាមួយគ្នានេះឯកឧត្ដម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ការលះបង់ដ៏ធំធេងរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តាឡីស័ក ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ១៩។
អំណោយដែលបាននោះយកទៅប្រគល់នៅពេលនេះ រួមមាន៖ ថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ, អង្ករចំនួន ១៤.៥ តោន, ត្រីខកំប៉ុងចំនួន ២០០ (ពីររយ) កេស, អាវភ្លៀងចំនួន ១,០០០ (មួយពាន់) អាវ, ភេសជ្ជៈកូកាកូឡាចំនួន ២០០ (ពីររយ) កេស, ទឹកសម្លាប់មេរោគចំនួន ២ (ពីរ) ធុង និងវីតាមីនC ចំនួន ៥ (ប្រាំ) កេស សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ៕