ឯកឧត្ដម ហ៊ុន ម៉ានី កោតសរសើរដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថក្នុងការការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងសប្បុរសជន បានបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូន កងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនាំយកអំណោយមួយចំនួនជូនដល់អង្គភាពដើម្បីសម្រាលបន្ទុកខ្លះផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មិនថាក្នុងដំណាក់កាលណាទេ គឺអ៊ុំ ពូមីង និងបងៗបានធ្វើការលះបង់ខ្ពស់ណាស់ក្នុងការបំពេញបេសកកម្មដ៏លំបាក និងមានគ្រោះថ្នាក់នានាសំដៅធ្វើយ៉ាងណាសម្រេចបានការការពារសន្តិសុខ សណ្តាប់ធ្នាប់រៀបរយក្នុងសង្គម។ ជាពិសេសក្នុងដំណាក់កាលនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កងរាជអាវុធហត្ថរឹតតែខិតខំបំពេញភារកិច្ចចំពោះមុខ ដោយមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។
ជាមួយគ្នានេះ ឯកឧត្ដមសូមកោតសរសើរដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានគិតគូរដល់សុវត្ថិភាពមន្រ្តីរាជអាវុធហត្ថក្នុងពេលបំពេញភារកិច្ច ក៏ដូចជាសុខទុក្ខ និងជីវភាពផ្ទាល់ខ្លួន ដោយបានដាក់ចេញវិធានការណ៍បង្ការ ការពារបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។
ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចតេជោ។ ជាក់ស្តែង ការបានទទួលវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង។
សម្ភារៈដែលត្រូវប្រគល់ជូននាពេលនោះរួមមានអង្ករចំនួន ១២,៥ តោន ត្រីខចំនួន១៣៧ កេស អាវភ្លៀងចំនួន ៨០០ អាវ កូកាកូឡាចំនួន២០០ កេស ទឹកបាញ់សម្លាប់មេរោគចំនួន២ ធុង វីតាមីន C ចំនួន៥ កេស និងកញ្ចប់ថវិការមួយចំនួនផងដែរ៕