តំណាង WHO ប្រចាំកម្ពុជា លើកឡើងពីការគាំទ្ររដ្ឋាភិបាលដែលបានសម្រេចបើកសាលារៀនឡើងវិញ
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាលជាងមុនហើយ ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដមួយដ៏ល្អត្រឹមត្រូវ ហើយក្នុងនាមតំណាងប្រធានអង្គការសុខភាពពិភព លោកស្រីគាំទ្ររដ្ឋាភិបាល ដែលបានសម្រេចបើកសាលារៀនឡើងវិញ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ដោយគោរពតាមវិធានការសុខាភិបាល។
ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដកំពង់ធំ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី Li Ailan បានលើកនូវហេតុផលចំនួន៣ ដែលលោកស្រីគាំទ្ររដ្ឋាភិបាល ដែលបានសម្រេចបើកសាលារៀនឡើងវិញ៖
១. សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ
២. ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង។
៣. គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត ។
ទោះយ៉ាងណា លោកស្រី លី អាយឡាន (Li Ailan) នៅតែចាត់ទុក វិធានការ ៣ការពារ ៣កុំ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រជាពលរដ្ឋអនុវត្ដ ដើម្បីឱ្យចៀសផុតពីការចម្លងមេរោគកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។ ដូច្នេះពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺត្រូវតែអនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុងការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយនូវហានិភ័យនេះ៕