គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឲ្យភាគីពាក់ព័ន្ធផ្ទាល់ព័ត៌មានជាក់លាក់ឆាប់រហ័សពីគ្រោះមហន្តរាយនានា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១​ |
    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឲ្យភាគីពាក់ព័ន្ធផ្ទាល់ព័ត៌មានជាក់លាក់ឆាប់រហ័សពីគ្រោះមហន្តរាយនានា ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវឲ្យភាគីពាក់ព័ន្ធផ្ទាល់ព័ត៌មានជាក់លាក់ឆាប់រហ័សពីគ្រោះមហន្តរាយនានា

    ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា ពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។

    នៅក្នុងសិក្ខាសាលាស្តីពី “ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ” នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការជំរុញឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និង​បង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។

    ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានលើកទឹកចិត្តដល់លេខាធិការដ្ឋានគ្រោះមហន្តរាយរបស់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន​រដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងបណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមសហការចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់​ការ​ឆ្លើយ​សង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។

    ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅ​អនុវត្ត​ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការ​ពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់​ទឹកភ្លៀង​ក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។

    របាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គ​សម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់​ទន្លេមេគង្គ ហើយនឹងពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ ។

    គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ ដោយ​ជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ប្រជាពលរដ្ឋរងផល​ប៉ះពាល់​ចំនួន ២២២ ៨៩២គ្រួសារ និងប្រជាជន​ជម្លៀស​រុបចំនួន ១៧ ៥១៧គ្រួសារ ៕

    អត្ថបទទាក់ទង