គណៈកម្មការកិច្ចការបរទេសសភា CLV ពិភាក្សាគ្នាលើកកម្ពស់ភាពជាដៃគូសភា ជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA” ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត ។
អង្គសន្និសីទលើកនេះ រៀបចំដោយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភានៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឈាង វុន ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស រដ្ឋសភានៃប្រទេស ទាំងបី កម្ពុជា-ឡាវ-វៀតណាម និងគណៈកម្មាធិការសម្របសម្រួលរួម អនុគណៈកម្មការនានា នៃតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងអាជ្ញាធរខេត្តជាប់ព្រំដែន នៃប្រទេសទាំងបីផងដែរ។
ឯកឧត្ដម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជាបានមានប្រសាសន៍ថា អង្គសន្និសីទនាពេលនេះ នឹងធ្វើការពិភាក្សាគ្នាអំពីបរិបទតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសការលើកឡើងចំបញ្ហាដែលប្រទេសនៅលើពិភពលោក ក៏ដូចប្រទេសយើងទាំងបីកំពុងប្រឈម និងឆ្លងកាត់ ក្នុងគោលដៅស្ដារឡើងវិញ និងធ្វើឲ្យកាន់តែប្រសើរឡើងនៃសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរកការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំងបី ។ ឯកឧត្ដមបន្តថា កិច្ចប្រជុំគណៈកម្មការកិច្ចការបរទេសរបស់សភានៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយជំរុញ និងគាំទ្ររដ្ឋាភិបាលប្រទេសទាំងបី ក្នុងការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន ជាពិសេសស្ដារឡើងវិញនូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ឱ្យត្រលប់មកប្រក្រតីភាពវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្នុងនាមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សន្និសីទលើកទី៨ ដែលបានរៀបចំនាពេលនេះ គឺជាមូលបទដ៏មានសារៈសំខាន់ ស្របនឹងពេលបច្ចុប្បន្នដែលជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសទាំងបី ព្រមទាំងបានបង្កឧបសគ្គជាច្រើនលើគ្រប់វិស័យ ជាពិសេសរាំងស្ទះដល់ការដំណើការនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
លោកជំទាវបានមានប្រសាសន៍ទៀតថា ការលើកកម្ពស់តួនាទីសភា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិតជាមានសារៈសំខាន់ ដែលតម្រូវឱ្យទាំងអស់គ្នា ក្នុងនោះមានតួអង្គសំខាន់ៗ ដូចជា សភា រដ្ឋាភិបាល គណបក្សនយោបាយ វិស័យឯកជន សង្គមស៊ីវិល អង្គការតំបន់ និងអន្តរជាតិ ត្រូវតែរួមសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយក្នុងក្របខណ្ឌតំបន់ និងក៏ដូចជាសកលលោក ដែលពិតជាមហាថាមពលដ៏សកម្មមិនអាចខ្វះបាន ដើម្បីតស៊ូប្រយុទ្ធប្រឆាំង នឹងវិបត្តិដ៏កាចសាហាវនេះ ។
ទាក់ទងនឹងតំបន់ត្រីកោណអភិឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិតបានធ្វើការកត់សម្គាល់ថា តំបន់ត្រីកោណអភិឌ្ឍន៍ គឺនៅមានគម្លាតធំក្នុងការយល់ដឹងអំពីប្រព័ន្ធឌីជីថល និងការកសាងសមត្ថភាពផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់ប្រជាជន និងសហគ្រាសឲ្យអាចសម្របខ្លួននិងទទួលយកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) ប្រើប្រាស់សេវាកម្មធនាគារអេឡិចត្រូនិច (e-banking) ដើម្បីសម្របខ្លួនទៅក្នុងប្រក្រតីកម្មតាមគន្លងថ្មី។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងមក តំបន់នេះមានស្ថេរភាពល្អ សន្តិសុខរឹងមាំ និង មានការអភិវឌ្ឍរីកចម្រើនឡើងជាលំដាប់ ដោយបានជួយកាត់បន្ថយភាពក្រីក្រជាច្រើនក្នុងតំបន់ផងដែរ៕