សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យតំណាងក្រសួងនគរបាលវៀតណាមចូលលជួបសម្ដែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
សម្ដេចបន្តថាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។ សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា អ្នកបន្តអាណត្តិការងារក្រោយពីលោកឧត្តមសេនីយ៍ត្រី នឹងបន្តនូវអ្វីដែលជាសមិទ្ធផលដែលក្រសួងទាំងពីរមាននាពេលកន្លងមក និងពង្រីកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងជំនួបនោះដែរលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក៏បាន ង្ហាញពីភាពរីករាក និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរនៅក្នុងអាណត្តិការងារ៣ឆ្នាំកន្លងមកនេះ។ លោកបានជម្រាបសម្ដេចក្រឡាហោមដែរថាក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើផងដែរ៕