ឯកឧត្ដម ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម គោរពច្បាប់ពាក់ព័ន្ធការដឹកជញ្ជូន
ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកដល់បងប្អូនអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម គោរពច្បាប់ពាក់ព័ន្ធការដឹកជញ្ជូន ព្រោះការរឹតបន្តឹងការអនុវត្ត នឹងនៅតែមានសំទុះអនុវត្តខ្លាំងក្លាដដែល ក្រោយពីការដោះលេងយានយន្តចំនួន ២២៩គ្រឿង និងតម្រូវឱ្យម្ចាស់យានយន្ត ដែលបានឃាត់ទុក ត្រូវបង់ប្រាក់ផាកពិន័យតាមការកំណត់ជាកំហិត បើមិនដូច្នោះទេ នឹងត្រូវបន្តឃាតទុកជាបន្តទៀត តាមគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។
សន្និសីទនេះ រៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួល បន្ទុក ក្រុមការងារទទួលបន្ទុកការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជូនបងប្អូនប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មានអំពីលទ្ធផលនៃការអនុវត្តការងារគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ រាយការណ៍អំពីបញ្ហាចំពោះមុខចម្បងៗមួយចំនួន ជាពិសេសដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយថែមទៀតទៅដល់ក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាអ្នកបើកបរយានយន្តធុនធ្ងន់ អ្នកដឹកជញ្ជូន ទំនិញលើសកម្រិតកំណត់ដោយច្បាប់ ឱ្យបានដឹងនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ការដឹក ជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ បង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១ ការត្រួតពិនិត្យយានយន្តសរុបសម្រេចចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះ៖ យានយន្តផ្ទុកលើសទម្ងន់មានចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១.៥៨% យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន៥៧៥.៨៥៦គ្រឿង ស្មើនឹង៣១,៤៦% យានយន្តត្រូវពិន័យមានចំនួន២២៤៧គ្រឿង យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំមានចំនួន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួន ៣.៨៣៩.០៧១.០០០រៀល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីស្ដារសេដ្ឋកិច្ច ជាតិឡើងវិញ ជាពិសេសដើម្បីគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរ បន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុក យានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួង សាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បី ប្រកបអាជីវកម្មឡើងវិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា បើយើងដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ផ្លូវរបស់យើងត្រូវបានឆាប់ខូច ឆាប់រិចរិល នាំឱ្យខាតបង់ថវិការជាតិ ក្នុងការជួសជុលថែទាំផ្លូវទាំងនោះ ប៉ុន្តែបើផ្លូវយើងមិនសូវខូច នោះថវិកាសម្រាប់ជួសជុលថែទាំ អាចត្រូវ បានបង្វែរទៅកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតដូចជា៖ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក បានច្រើនថែមទៀត និងជួយដល់ការងាររបស់ប្រទេសជាតិបានផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា និងសូមឱ្យក្រុមការងាររបស់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តធ្វើការរឹតបន្តឹងច្បាប់ឱ្យបាន ខ្លាំងក្លាបន្ថែមទៀតក្រោយពីការដោះលេងយានយន្តចំនួន២២៩គ្រឿង និងបានជំរុញឱ្យម្ចាស់យានយន្ត ដែលយានយន្តរបស់ខ្លួនត្រូវបានឃាត់ទុកមកបង់ប្រាក់ផាកពិន័យតាមការកំណត់ជាកំហិត បើមិន ដូច្នោះទេ នឹងត្រូវបន្តឃាតទុកជាបន្តទៀត៕