សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទីមួយសំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺតាមគន្លងប្រក្រតីភាពថ្មី ព្រោះថាការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេលវេលាជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាបានច្រើន តាមរយៈកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ-១៩ និងបានបញ្ជៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឲ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។