គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង​ សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង​

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃ​គណៈអភិបាល​ខេត្តបាត់ដំបង។

    ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើង​បន្ទាប់​ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវ​ត្រាស់​បង្គាប់​តែងតាំង​ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រសាសន៍ សង្កត់ធ្ងន់ថា នេះ​គឺជាការប្រព្រឹត្តទៅធម្មតាក្នុងជីវភាពនយោបាយ និងរដ្ឋបាល ហើយ​កន្លង​មក​ខេត្ត​បាត់ដំបង​បាន​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ចំនួន១១រួចមកហើយ។ សម្ដេចបានស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំតាម​មន្ទីរ​ជំនាញ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ផ្ដល់ការគាំទ្រជូនឯកឧត្តម សុខ លូ ដើម្បីជំរុញ​នូវការ​ចាត់ចែង​ការងារ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​តួនាទី​ជា​អភិបាល​ថ្មី ​នៃគណៈអភិបាលខេត្តបាត់ដំបង។

    នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេស​ព្រឹត្តិការណ៍ដែលមិនអាចរំលងបាន គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានា​ប្រសិទ្ធភាព ​នៃការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន តាមរយៈ​ការដាក់ចេញ​គោល​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ។

    ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀត គឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន ខណៈនៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងធ្វើជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡាអាស៊ី។

    ភ្ជាប់នឹងការបញ្ជាក់ខាងលើនេះ សម្ដេចក្រឡាហោមបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខេត្ត​ទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញ​គោល​នយោបាយ​ភូមិ​ឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយ​បញ្ហា​ប្រឈមនានានៅមូលដ្ឋាន។ សម្ដេចបានបន្តថាគោលនយោបាយនេះ ត្រូវការ​ការ​ផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ។

    សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក៏បានផ្ដល់ការជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ខិតខំរួមកម្លាំងសាមគ្គីគ្នាក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋជួយការលំបាកដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ៕

    អត្ថបទទាក់ទង