គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញវិធានការសំខាន់ៗ ៩ចំណុច ទប់ស្កាត់បញ្ហាប្រឈម ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ យោងតាមសេចក្ដីអំពាវនាវគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញផ្សាយថ្ងៃទី១៥កញ្ញានេះ បានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវវិធានការសំខាន់ៗ ៩ចំណុច ដើម្បីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ។
សេចក្ដីអំពាវនាវ បានឲ្យដឹងទៀតថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលបាន និងកំពុងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទិ១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋអាចនឹងមានសកម្មភាពធ្វើចរាចរណ៍ទៅកាន់ទីវត្តអារាម ស្រុកកំណើត និងដំណើរកំសាន្ដទូទាំងប្រទេសយ៉ាងមមាញឹក ហើយក៏អាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់រក្សាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសំខាន់ៗ ៩ចំណុច ៖
១. រថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូល និងសុំកុំតម្លើងថ្លៃ
២. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មុនពេលធ្វើចរាចរណ៍
៣. អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ
៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
៥. អ្នកបើកបរត្រូវបើកបរទៅតាមល្បឿនដែលច្បាប់បានកំណត់
៦. អ្នកបើកបរមុននឹងវ៉ា ជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ជៀងវាងការវ៉ា ជែងដោយប្រថុយប្រថាន
៧. អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
៨.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន
៩. ពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក
សូមបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ៦៦៧លើក ស្មើ២៤% អ្នកស្លាប់ថយចុះចំនួន ២១៥នាក់ ស្មើ១៦% អ្នករបួសថយចុះចំនួន ១០១០នាក់ ស្មើ២៤%៕