គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍»

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍» ដែលវីដេអូនេះ មានរយៈពេលប្រមាណ២០នាទី។

    គោលបំណងដ៏ចម្បងនៃការបញ្ចេញផ្សាយវីដេអូនេះ គឺដើម្បីរំលេចជូនសាធារណជន ជាតិ និងអន្តរជាតិ អំពីជោគជ័យ និងសមិទ្ធិផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងរយៈពេលជាង៣ឆ្នាំនៃអាណត្តិទី៦ បន្ទាប់ពីប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៦លើក រួចមកហើយក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១មក ដែលក្នុងនោះ តួអង្គសំខាន់បំផុត ដែលប្រវត្តិសាស្ត្របានកត់ត្រាទុក គឺព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន។

    ទោះបីរយៈពេល៣០ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ តែស្មារតីនិងគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មកម្លេះ ហើយកិច្ចព្រមព្រៀងនេះក៏អស់សុពលភាពផងដែរនៅពេលដែលរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង។ចាប់តាំងពីពេលនោះមក កម្ពុជានៅតែប្រកាន់យកដោយឥតងាករេនូវការជ្រើសរើសមេដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

    រាជរដ្ឋាភិបាលនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្សដោយឥតងាករេ។ គោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានចំនួនច្រើនលើសលប់ដើម្បីបង្កើតបានភាពស៊ាំនៅក្នុងសហគមន៍ ក៏ជាផ្នែកមួយនៃការអនុវត្តនូវការគោរពសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិដ៏សំខាន់បំផុត និងមិនអាចខ្វះបានក្នុងចំណោមសិទ្ធិផ្សេងៗទៀតនៃសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ នយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក៏ជាផ្នែកមួយនៃការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីនេះដែរ ពីព្រោះភាពស៊ាំក្នុងសហគមន៍ អាចអនុញ្ញាតឲ្យពលរដ្ឋចេញទៅបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២  និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ។ ភាពស៊ាំក្នុងសហគមន៍នេះទៀតសោត ក៏បានអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយស្របច្បាប់ទាំងអស់ អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតប្រកបដោយភាពសេរី ក្នុងស្មារតីប្រកួតប្រជែងដោយ តម្លាភាពនិងយុត្តិធម៌។

    ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងបានឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនដែលបង្កឡើងដោយគ្រោះធម្មជាតិ ការញុះញង់បង្កភាពវឹកវរ ចលាចលបំបែកបំបាក់សង្គម ការប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ពីសំណាក់ពួកជនក្បត់ជាតិដែលជាកូនអុកបរទេស និងជាពិសេសការផ្ទុះឡើង និងការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងប្រភេទចាស់និងថ្មី ។ល។ និង។ល។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ  ក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែអាចឈរជើងយ៉ាងរឹងមាំដើម្បីឈរពាំងការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារប្រជាធិតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធមនុស្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋពីរោគរាតត្បាតដ៏កាចសាហាវបានដោយប្រសិទ្ធភាព។ ហើយអ្វីៗដែលអាចសំរេចបានទាំងនេះ ក៏ដោយសារតែបងប្អូនប្រជាពលរដ្ឋបាន «គិតត្រូវ និងសំរេចចិត្តត្រូវ ក្នុងការបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាលដើម្បីរក្សាសុខសន្តិភាព សុខមាលភាព សុវត្តិភាព និងការអភិវឌ្ឍន៍»៕

    សូមគោរពអញ្ជើញទស្សនាវីដេអូដូចតទៅ៖

    អត្ថបទទាក់ទង