គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ប្រាក់ សុខុន៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១​ |
    ឯកឧត្ដម ប្រាក់ សុខុន៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ឯកឧត្ដម ប្រាក់ សុខុន៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម ​នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា «​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​» នៅ​វិមាន​សន្តិភាព​។

    នៅក្នុងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់មហារដ្ឋបុរសមួយអង្គ និងមួយរូប នោះគឺ ព្រះបរមរតនកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា។ មានតែការចរចា និងដំណោះស្រាយនយោបាយ រវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។

    ឯកឧត្ដមបន្តថា​ ​ក្នុង​ស្មារតី​នេះហើយ ដែល​សម្តេច​តេ​ជោ​បាន​ដាក់ចេញ​នា​ខែតុលា ឆ្នាំ​១៩៨៧ នូវ​សេចក្តីប្រកាស ៥ ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា​នោះ​គឺ​៖

    ១) រៀបចំ​ជំនួប សីហនុ​-​ហ៊ុន សែន

    ២) ការដក​ទាំងស្រុង​នូវ​កងទ័ព​វៀតណាម ទន្ទឹមពេល​នឹង​ការបញ្ឈប់​រាល់​ជំនួយ និង ការគាំទ្រ​ទាំងអស់​ដល់​កងកម្លាំង​នៃ​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ

    ៣) ការរៀបចំ​ការបោះឆ្នោត​ដោយមាន​អ្នកសង្កេតការណ៍​អន្តរជាតិ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ ដែល​អនុវត្ត​នយោបាយ​អ​ព្យា​ក្រឹត្យ និង មិន​ចូល​បក្ខសម្ព័ន្ធ

    ៤) ចរចា​ជាមួយនឹង​ប្រទេស​ថៃ ដើម្បី​កំណត់ព្រំដែន​មួយ​ប្រកបដោយ​សុវត្ថិភាព និង​សន្តិភាព និង រៀបចំ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រចិត្ត​នៃ​ជនភៀសខ្លួន

    ៥) រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​ផ្តល់​ការធានា​ដល់​កិច្ចព្រមព្រៀង​ដែល​នឹង​សំរេចបាន​ជាមួយនឹង​ការចូលរួម​ពី​រដ្ឋាភិបាល​ទាំងពីរ (​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​) សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​វៀតណាម ឥណ្ឌា និង​ប្រទេស​ដទៃទៀត​។ សម្តេច ហ៊ុន សែន គឺជា​អ្នក​ដែលមាន​បំណង​មុនគេ​ក្នុង​ការជួប​ជាមួយ សម្តេច សីហនុ ហើយ​គោលនយោបាយ​ខាងលើ​នេះហើយ ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​ស្វែងរក​សន្តិភាព​។

    ​​ឯកឧត្តម ប្រាក់ សុខុន បាន​បន្តទៀតថា ៣០​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​។ រយៈពេល​នេះ ជា​រយៈពេល​គ្រប់គ្រាន់​សម្រាប់​ឱ្យ​យើង​អាចធ្វើ​ការវាយតំ​លៃ​ដ៏​ត្រឹមត្រូវ​មួយ​បាន​អំពី​មេរៀន​ទាំងឡាយ ​នៃ​ដំណាក់កាល​ប្រវត្តិសាស្ត្ររ​បស់​កម្ពុជា​យើង​។ មិនមាន​ការសង្ស័យ​ណាមួយ​ទេ​ដែលថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​គឺជា​របត់​ដ៏​សំខាន់ និង​វិជ្ជមាន​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង​។ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​អន្តរជាតិ​ឡើងវិញ រដ្ឋាភិបាល​ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ UNTAC (​អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​) ក៏បាន​កាន់កាប់​អាសនៈ​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ ដែល​រយៈពេល​ជាង​១០​ឆ្នាំ​មុននេះ ត្រូវបាន​ប្រគល់ឱ្យ​តំណាង​ខ្មែរក្រហម​។​

    ​​៣០​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សហគមន៍​អន្តរជាតិ ដោយ​ស្មើមុខ ស្មើ​សិទ្ធិ និង​មាន​រដ្ឋាភិបាល​មួយ​ដែល​ទទួលខុសត្រូវ​យ៉ាង​ពេញលេញ​ចំពោះ​ពលរដ្ឋ​របស់ខ្លួន ក្នុង​ការកសាង​អនាគត​ប្រកបដោយ​សន្តិភាព ស្ថិរភាព ភាពថ្លៃថ្នូរ និង​ការអភិវឌ្ឍ​។

    ​​ឯកឧត្ដមបានបញ្ជាក់ដែថា ​កម្ពុជា​ដែល​បានកំណត់​យ៉ាង​ជាក់ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន លើក​តម្កើង និង​ការពារ​គុណ​តំលៃ ផលប្រយោជន៍ និង​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​។ កម្ពុជា​នឹង​ប្រកាន់ខ្ជាប់ និង​ការពារ​ជាដាច់ខាត​នូវ​ឯករាជ្យភាព អធិបតេយ្យ អ​ព្យា​ក្រឹត្យ​ភាព​អចិន្ត្រៃយ៍ និង​បូរណភាព​ទឹកដី ព្រមទាំង​ប្តេជ្ញា​យ៉ាង​មុះ​មុត​ក្នុង​ការបំពេញ​រាល់​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់ខ្លួន​ក្នុង​តំបន់​ក៏ដូចជា​នៅលើ សកលលោក​៕

     

    អត្ថបទទាក់ទង