សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះកុមារដែលចង់រៀនសូត្រ និងបានចាក់វ៉ាក់សាំងរួចរាល់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះកុមារមួយរូបដែលត្រូវបានគេបង្ហោះតាមបណ្ដាញសង្គម ជាមួយនឹងឈុតសម្លៀកបំពាក់សិស្ស និងមានខ្ចប់កាតវ៉ាក់សាំងកូវីដ១៩ នឹងថង់ ភ្ជាប់នឹងអាវ ដែលនេះជាការបង្ហាញនូវចិត្តចង់ចូលរៀនសូត្រឡើងវិញ។
តាមរយៈទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកសម្ដេចយ៉ាងដូច្នេះថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។
ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ។
ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។
សូមជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ។»
សូមបញ្ជាក់ថា កុមារតូចដែលសម្តេចតេជោបានបង្ហោះនេះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ រៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕