ឯកឧត្ដម ហ៊ុន ម៉ានី៖ មរណៈភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា
ភ្នំពេញ៖ ក្រោយទទួលបានដំណឹងពីមរណៈភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ នៃរដ្ឋសភាបានសម្ដែងនូវក្ដីក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារសព ហើយបានចាត់ទុកថា ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមក ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
តាមរយៈហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា « ខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១០និង ៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមក ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ខ្ញុំសូមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល និងសូមបួងសួងសូមវិញ្ញាណក្ខន្ធឯកឧត្តមបានយោនយោគទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។»
សូមជម្រាបថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្នឯកឧត្ដមមានទីលំនៅ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភរិយាទទួលមរណៈភាពតាំងពីឆ្នាំ២០១១ មានកូនចំនួន ៦នាក់ ហើយបច្ចុប្បន្នឯកឧត្ដមបណ្ឌិតមានតំណែងជាអនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបណ្ឌិតមានកម្រិតវប្បធម៌ សញ្ញាបត្រគរុកោសល្យ មហាវិទ្យាល័យគរុកោសល្យភ្នំពេញ និងបរិញ្ញាបត្រវិទ្យា សាស្ត្រសង្គម ទទួលស្គាល់ដោយក្រសួងអប់រំ។ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រៅពីតំណែងជាអនុប្រធានទី១ រដ្ឋសភា ឯកឧត្តមក៏ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស ជាកិត្តិនីតិកោសលបណ្ឌិត តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណៈភាពដោយរោគាពាធ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ ឯកឧត្តម ងួន ញិល បានទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕