សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណៈភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ រដ្ឋសភា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកមរណៈទុក្ខជូនឯកឧត្ដម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណៈភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ រដ្ឋសភា។
សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយស្រណោះ អាឡោះអាល័យ និងក្ដីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្ដមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណៈភាពដោយរោគាពាធ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ ឯកឧត្តម ងួន ញិល បានទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕