ក្រសួងអប់រំ សម្រេចកំណត់យកថ្ងៃទី២៧ធ្នូ ជាសម័យប្រឡងបាក់ឌុបឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្ដមbបានឲ្យដឹងថាការកំណត់កាលបរិច្ឆេទប្រឡងបាក់ឌុបថ្មី ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងអប់រំ បានប្រជុំវាយតម្លៃស្ថានការណ៍ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ឯកឧត្ដមអ្នកនាំពាក្យបានបន្តឲ្យដឹងដែរថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងវិធានការសុវត្ថិភាពសុខភាព។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ៕