ឯកឧត្តម ជាម យៀប ត្រូវបានអង្គសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ចំនួន ១០៦រូបបានចូលរួមផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានអង្កសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយសំឡេងគាំទ្រចំនួន១០៧សំឡេង។ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា ក្រោយពីឯកឧត្តម ងួន ញ៉ិល អតីតអនុប្រធានទី១រដ្ឋសភាបានទទួលមរណភាពកាលពីដើមខែវិច្ឆិកា។
ឯកឧត្តមបណ្ឌិត ជាម យៀប បានប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដែលមានជាធរមាន ពិសេសរាល់គោលការណ៍ នៃស្មារតីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងគោរពមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងស្មោះត្រង់ឥតងាករេចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕