រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ជំនួយបន្ថែមដល់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ
ព្រះវិហារ ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយជំហានទៀត ក្នុងការជួយអភិរក្សាការពារនូវទីតាំង សម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខា នៅប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។
ក្រសួងការបរទេសអាមេរិក ដែលមានកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ បានផ្តល់ជំនួយក្នុងទឹកប្រាក់ ៨៦ ៦៦៤ ដុល្លារអាមេរិកដល់ ការអភិរក្សជួសជុលនូវជណ្តើរភាគខាងជើងនៃប្រាសាទព្រះវិហារនៃសតវត្សទី ១១។ នេះជាជំនួយលើកទី ៣ ដែលនឹងជួយគម្រោងអភិរក្សនិងជួសជុល ជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ជណ្តើរថ្នាក់ទី ៦ និងថ្នាក់ទី ៧ និងជួសជុលចម្លាក់តោចំនួន ២។ គម្រោងលើកទី ១ និងទី ២ ដែលបានធ្វើ ចាប់ពីឆ្នាំ ២០១៨ មក ២០២១ នេះបានបញ្ចប់ជាស្ថាពរក្នុងទឹកប្រាក់ ៣២០ ០០០ដុល្លារអាមេរិក។
លោក Murphy ឯកអគ្គរដ្ឋទូតអាមេរិក មានប្រសាសន៍ថា លោកមានមោទកភាពក្នុងការប្រកាសនូវការបរិច្ចាគបន្ថែមទៀតដើម្បីជួយដល់ការអភិរក្ស ប្រាសាទព្រះវិហារដ៏អស្ចារ្យមួយនេះ។ សហរដ្ឋអាមេរិកនឹងបន្តជាដៃគូដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងអភិរក្សនូវសម្បត្តិអច្ឆរិយរបស់ព្រះរាជាណាចក្រ នេះ។
លោកជំទាវបណ្ឌិត ភឿង សកុណា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះជំនួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់គម្រោង ដំណាក់កាលទី៣ នៃការអភិរក្ស និងជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ”។ លោកជំទាវជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចរក្សាបាន នូវស្នាដៃសិល្បៈនេះសម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងតំណាងឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»។ កម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP) ត្រូវបានបង្កើតឡើងដើម្បីជួយអភិរក្សការពារនូវបេតិកភណ្ឌវប្បធម៌សំខាន់ៗជុំវិញពិភពលោក។ បន្ថែមពីលើការងារនៅប្រាសាទព្រះវិហារនេះ ក្រោមជំនួយកម្មវិធីនេះ និងមូលនិធិផ្សេងៗទៀតរដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយជួយដល់កម្ពុជា ជាង ៥ លានដុល្លារអាមេរិក តាំងពីឆ្នាំ ២០០១ មកដើម្បីជួយដល់ការអភិរក្សទីតាំងបេតិកភណ្ឌសំខាន់ៗផ្សេងទៀតមានទាំងសម្ភារៈឯកសារប្រវត្តិសាស្ត្រ នៅប្រទេសកម្ពុជាដោយក្នុងនោះរួមមានការអភិរក្សនៅប្រាសាទភ្នំបាខែង ប្រាសាទបន្ទាយស្រី សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សារមន្ទីរអង្គរបុរី៕