គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជាលើគម្រោងបំពាក់គ្រឿងចក្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១​ |
    ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជាលើគម្រោងបំពាក់គ្រឿងចក្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជាលើគម្រោងបំពាក់គ្រឿងចក្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ភ្នំពេញ៖ ប្រទេសជប៉ុន​ បានសម្រេច​ផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបជិត ១៤លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

    សេចក្ដីប្រកាសបានឲ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ  (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

    ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់    និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង