គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ម៉ែន សំអន អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១​ |
    លោកជំទាវ ម៉ែន សំអន អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៩ លោកជំទាវ ម៉ែន សំអន អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៩

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៩ នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នាសាលសន្និសីទចតុម្មុខ។

    លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា សន្និបាតរយៈពេក្នុង រយៈពេល០២ថ្ងៃ សន្និបាត បានយកចិត្ដទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីបម្រើឱ្យផលប្រយោជន៍ នៃការបង្កើនធ្លុងមហាសាមគ្គី ក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក សម្រាប់ប្រមូលផ្ដុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រិះរកវិធានការណ៍សមស្រប ដើម្បីរួមចំណែកកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួន ដែលជះឥទ្ធិពលមិនល្អដល់ព្រះពុទ្ធសាសនា និងឈោងចាប់យកនូវវិធីសាស្ត្រ បទពិសោធន៍ថ្មីៗ សម្រាប់ដឹកនាំ គ្រប់គ្រងព្រះពុទ្ធសាសនា និងចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

    ជាលទ្ធផលសម្រេចបាន នូវលទ្ធផលដ៏ធំធេង និងបានរួមចំណែកទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្នក្នុងជួរព្រះសង្ឃ និងពុទ្ធសាសនិក ព្រមទាំងបាន រំលេច ឡើង នូវបទពិសោធន៍ ចំណេះដឹងជាក់ស្ដែង និងយន្ដការថ្មីៗ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអប់រំសីលធម៌ តាមមាគ៌ាព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង និងតាមក្រឹតក្រមច្បាប់របស់រដ្ឋ។

    លោកជំទាវបានបន្តទៀតថា ៖ សម្រាប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយ ក៏ទៀមទារឲ្យ សម្តេច ព្រថេរា នុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ត្រូវបន្តចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់នូវការចម្លងមេរោគកូវីដ១៩ បំផ្លែងថ្មីគ្រប់ប្រភេទ ។

    ក្នុងនាមជាពុទ្ធសាសនិកមួយរូប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមចំណែកក្នុងអនុសំវច្ឆរមហាសន្និបាតនេះ នូវចំណុចមួយចំនួនដូចតទៅ ៖

    ទី១. សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្ដយសទាំងអស់ ចូលរួមឱ្យកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដោយធ្វើ​ការផ្សព្វផ្សាយ អប់រំនូវវិធានការ​នានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ ដល់ពុទ្ធសាសនិក និងសាសនិកនៃគ្រប់សាសនា ឱ្យយល់ច្បាស់ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ទី២ ៖ សូមរួមគ្នាអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលមានស្រាប់ ដូចជាព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្ដីសម្រេច និងស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាល ឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស គោរពតាម​អនុសាសន៍​ណែនាំ​​របស់ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

    ទី៣ ៖ សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកាន់យកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនា​រាជធានី-ខេត្ដ ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ឋផលល្អ ប្រកប​ដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

    ទី៤ ៖ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្ដទុកដាក់ពង្រឹងគុណភាពសាលាពុទិ្ឋកសិក្សាគ្រប់កម្រិត ទាំងថ្នាក់ធម្មវិន័យ ឱ្យក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកប​ដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ

    ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់ សម្តេចតេជោ ចំនួន ១០លានរៀល ប្រគល់ជូនដល់គណៈគ្រប់គ្រងកម្មវិធីផងដែរ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង