គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅ ឯណា?»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅ ឯណា?» លិខិតមិត្តអ្នកអាន៖ «តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅ ឯណា?»

    ក្នុងរយៈជាង៣០ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ីតែងតែប្រើនយោបាយទុច្ចរិត ប្រជាភិថុតិ ប្រជោនិយម បំភ្លៃ បំភាន់ ភូតកុហក មួលបង្កាច់ និងលាបពណ៌ជារៀងរហូតមក។ បច្ច័យដែលទទួលបានពីអំពើបែបនេះគឺគ្មានអ្វីក្រៅតែពីផលអាក្រក់ដែល ជះមកលើខ្លួនឯងវិញ នោះទេ ពោលគឺមិនខុសអ្វីពីអ្នក «បាចអង្កាមបញ្ច្រាសខ្យល់ ឬកាំបិតចិត្តដងឯង»នោះឡើយ។ ជាក់ស្តែង រាល់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី តែងទទួលរងនូវការវាយបកពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យអ្នកនយោបាយ«សម្តីឥតគ្រាប់» រូបនេះជួបនឹង បរាជ័យដ៏ជូរចត់ ងើប មុខមិនរួចជាបន្ត បន្ទាប់។ ទោះជាយ៉ាងនេះក៏ដោយ ក៏សម រង្ស៊ី មិនព្រមកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនឡើយ គឺនៅតែមានៈបន្តប្រីប្រាស់ល្បែង នយោបាយដដែលៗតទៅទៀតជាមួយយុវជនដែលជាអ្នកបន្តវេនរបស់បក្សកាន់ អំណាច ជាពិសេសគឺ បណ្ឌិតហ៊ុន ម៉ាណែត។

    «យុទ្ធសាស្ត្រដដែល លទ្ធផលក៏នៅតែដដែល»។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ស្ងាត់មាត់មិនហ៊ានឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញ រឿងចោទប្រកាន់ អំពី «សញ្ញាបត្រកំរិត២ រឺ សញ្ញាបត្រយោគ យល់» ដែលលោក ហ៊ុន ម៉ាណែតទទួល បានពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នោះឡើយ។

    ភាពទ័លច្រកមិនហ៊ានហើបមាត់តទល់អំពីបញ្ហានេះក៍គ្មានអ្វីគួរឲ្យឆ្ងល់នោះទេពីព្រោះនរណាក៏ដឹងដែរថា អ្វីដែល សម រង្ស៊ី បាននិយាយគឺជារឿងមិនពិតនិងគ្មានភស្តុតាងណាមួយមកបញ្ជាក់បាន នោះឡើយ។ ចំណែក លោក ហ៊ុន ម៉ាណែត ដែលជា «មាស សុទ្ធមិនខ្លាចភ្លើង» ពិតជា មានប្រៀបទាំងស្រុងនិងបានវាយចំ ចំណុចខ្សោយ (Knock-out/ KO) របស់សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយ មាត់ត្រីកំភ្លាញរូបនេះរឹងថ្គាមហារមាត់មិនរួច។

    ឥឡូវនេះ សារទី២ របស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអ្នកបន្តវេនបានរុញទណ្ឌិត សម រង្ស៊ី ឲ្យផ្ទប់ជញ្ជាំងរើខ្លួនមិនរួចម្តងទៀតពីព្រោះរឿងចោទគេថា «ក្រាញអំណាចមិនទុកឱកាសឲ្យ យុវជនជំនាន់ក្រោយ» គឺជាប្រធានបទរបស់ សម រង្ស៊ី និងគូកនដែលតែងតែទន្ទិញយ៉ាងរត់មាត់។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតរូបនេះមិនបានគិតគូររៀបចំអ្នកបន្តវេននោះឡើយដោយសារតែខ្លួនចង់ធ្វើជាតួឯកនយោបាយប្រឆាំងផ្តាច់មុខតែម្នាក់ឯងរហូត«ផ្លុំផេះលែងហុយ» ក៏មិនព្រមផ្ទេរឲ្យអ្នកជំនាន់ក្រោយដែរ។ នេះជាភស្តុតាងដែលមិនអាចប្រកែក បានឡើយថា «សម រង្ស៊ី មិនបានធ្វើដូចមាត់ថានោះឡើយ»។

    សារទី២របស់លោក ហ៊ុន ម៉ាណែត ពិតជា បានវាយចំចំណុច ខ្សោយ(Knock-out/ KO ) ម្តងទៀតរបស់សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយបរាជ័យមួយជីវិតរូប នេះទាល់ច្រកជាថ្មីម្តងទៀត។ បើនិយាយពីការប្រកួតកីឡាបាល់ទាត់វិញ គ្រាន់តែបើកឆាកក្នុងនាទីដំបូង លោក ហ៊ុន ម៉ាណែត បានទាត់ចូល «2-0» រួចទៅហើយ។

    អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ សម រង្ស៊ី ដែលធ្លាប់បានដើរក្រឡាអុកទាល់ ច្រកខ្លួនឯងរហូតតាំងពីចាប់ផ្តើមលេងជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មកនោះ ឥឡូវនេះ អ្នកនយោបាយកំដរឆាករូបនេះ បាននិងកំពុងដើរក្រឡាអុកទាល់ច្រកខ្លួនឯងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។ ពីរស្នៀតដំបូងរបស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការបើក ឆាកកំដៅសាច់ដុំរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សកាន់អណាចតែប៉ុណ្ណោះ។ ប៉ុន្តែ ពីរស្នៀតនេះក៏បានធ្វើឲ្យទណ្ឌិត សម រង្ស៊ី ងងឹតមុខនិងដួលដូចគោចាស់បាត់ទៅហើយដែរ។ សំណួរសំខាន់នៅត្រង់ថា ប្រសិនបើគោចាស់របស់ក្រុមប្រឆាំងខ្សោយដល់កម្រិតបែបនេះទៅហើយនោះ ចុះហេតុដូចម្តេចបានជាពួកគេ មិនព្រមបញ្ចេញមុខក្រុមអ្នកបន្តវេន? ចំលើយគឺដោយសារតែពួកគេគ្មានឆន្ទៈនយោបាយ រឺគ្មានអ្នកបន្តវេនតែម្តង។ នយោបាយតួឯក អាត្មានិយម និងការក្រាញអំណាចរបស់ សម រង្ស៊ី គឺជាមូលហេតុចម្បងដែលធ្វើឲ្យ ក្រុមប្រឆាំងគ្មានអ្នកបន្តវេន។ នយោបាយតួឯកនេះបានធ្វើឲ្យយុវជនក្រុមប្រឆាំងអស់សង្ឃឹមនិងបែកបាក់គ្នាជាក្រុមតូចៗប្រៀបបាននឹងកែវមួយដែលធ្លាក់បែកជាបំណែករាប់ពាន់។ ក្នុងន័យនេះ គេអាចសន្និដ្ឋាន បានថា៖

    ទី១៖ ទណ្ឌិតសម រង្ស៊ី ពិតជាគ្មានឆន្ទៈរៀបចំអ្នកបន្តវេន និងពិតជា មិនបោះបង់ចោលនូវមហិច្ឆតាចង់ក្តាប់អំណាចក្នុងនាមជាតួឯកនៃក្រុមប្រឆាំងនោះឡើយបើទោះបីជាខ្លួនមានអាយុ ៧៣ឆ្នាំហើយក៏ដោយ ពីព្រោះនរណាក៏ដឹងដែរថា នយោបាយគឺជាឈ្នាន់សំរាប់អនុវត្តផែនការ សងសឹកគំនុំគ្រួសារផងនិងជាប្រភពរស់របស់គ្រួសារសម រង្ស៊ី ផងតាមរយៈការប្រមូលប្រាក់ពីក្រុមអ្នកគាំទ្រផ្កាប់មុខរបស់ខ្លួនជាពិសេសអ្នកនៅក្រៅស្រុក។ «តើនេះមិនមែនជាការក្រាញអំណាចដែលធ្វើឲ្យយុវជន ស្រករក្រោយបាត់បង់ឱកាសទេឬ?»

    ទី២៖ សកម្មភាពដដែលៗរបស់ សម រង្ស៊ី បានបង្ហាញឲ្យឃើញថា សារជាតិរបស់អ្នកនយោបាយរូប នេះ ឥតមានអ្វីប្រែប្រួលបន្តិចណាឡើយ ពោលគឺ សម រង្ស៊ី គឺ ជានិមិត្តរូបនៃនយោបាយលាបពណ៌ គំនុំសងសឹក និងជាគ្រូបង្វឹកនៃការនិយាយបង្ខូចបង្កាច់គូបដិបក្ខតាមរយៈវោហាសាស្ត្រ ដែលគ្មានភស្តុតាងនិងគ្មានការពិត។ ជាក់ស្តែង «ក្រុមឆ្កែកាច»ដែលជំនាញខាងជេរបញ្ចោរ អសីលធម៌ តាមបណ្តាញសង្គម សុទ្ធសឹងតែជាកូនជឹងរបស់ សម រង្ស៊ី ។ សម្រាប់សង្គមខ្មែរ ជនជំពូកនេះត្រូវបានគេចាត់ទុកជាជនក្រៅសង្គម។

    ទី៣៖ ងាររបស់ សម រង្ស៊ី ដែល លោក ហ៊ុន ម៉ាណែតហៅថាជា «អ្នកនយោបាយចាស់វស្សា តែខ្វះសេចក្តីហានក្លាក្នុងការទទួលខុសត្រូវ» គឺពិតជាត្រឹមត្រូវណាស់ ពីព្រោះក្នុងមួយជីវិតនយោបាយរបស់សម រង្ស៊ី គ្មានទេពាក្យថា «ក្លាហាន និងទទួលខុសត្រូវ» គឺមានតែធ្វើជា«ជនកំសាកនិងគ្មានការទទួលខុសត្រូវរហូតមក»។

    ទី៤៖ ទណ្ឌិត សម រង្ស៊ីពិតជាអ្នកនយោបាយមុខក្រាស មិនចេះខ្មាសអៀន និងជាជនទុច្ចរិត អសីលធម៌ពីព្រោះទោះជាអំពើស្មោគគ្រោកយ៉ាងណា ក៏អាចធ្វើបានដែរ។ ជាក់ស្តែង សូម្បីតែសញ្ញាបត្រក្មេងៗជំនាន់ក្រោយក៏ សម រង្ស៊ីខំប្រឹងប្រឌិតរឿងមួលបង្កាច់ដោយមិនគិតពីភាពសមរម្យនិងសេចក្តីថ្លៃថ្នូរឡើយ។

    ទី៥៖ កំណត់ត្រាបានបង្ហាញថា សម រង្ស៊ី អាចឈរជើងក្នុងឆាក នយោបាយមកដល់បច្ចុប្បន្នគឺដោយសារតែបាន«តោងកាលីប» មេដឹកនាំគណបក្សកាន់អំណាចតែប៉ុណ្ណោះ ជាពិសេស គឺ«តោងកាលីប»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឥឡូវនេះ នៅពេលដែលគណបក្សប្រជាជនបានរៀបចំយុវជនជំនាន់ថ្មីដ៏មានសក្តានុពលសម្រាប់បន្តវេន ទណ្ឌិត សម រង្ស៊ី ក៏មក«តោងកាលីប»អ្នកជំនាន់ថ្មីរបស់បក្សកាន់អំណាចបន្តទៀតដើម្បីគ្រាន់តែសុំឲ្យគេហៅឈ្មោះតែប៉ុណ្ណោះ បើទោះបីជាហៅក្នុងន័យអាក្រក់យ៉ាងណា ក៏ដោយចុះ។

    សរុបមកវិញ ការរៀបចំអ្នកបន្តវេនគឺជារឿងសំខាន់ណាស់សម្រាប់ឆាកនយោបាយកម្ពុជាពីព្រោះអ្នកនយោបាយជំនាន់មុនសុទ្ធតែមានវ័យចំណាស់ៗអស់ហើយ។ ប៉ុន្តែទីបំផុត មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានគិតគូរនិងបានរៀបចំថ្នាលបណ្តុះបណ្តាលយុវជនជំនាន់ក្រោយរហូតឈានដល់ការបញ្ចេញតួអង្គអ្នកបន្តវេនជាផ្លូវការនាពេលនេះ។ ចំណែកឯ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយសម រង្ស៊ី មិនបានគិតគូរអំពីបញ្ហានេះឡើយ។ នេះជាចំណុចខ្សោយដ៏ធំបំផុតមួយរបស់ សម រង្ស៊ី ដែលមិនអាចឆ្លើយតបជាមួយលោក ហ៊ុន ម៉ាណែត បាន។ តទៅមុខ ប្រសិនបើក្រុមប្រឆាំងគ្មានអ្នកបន្តវេនទេ ពួកគេពិតជាអស់ឱកាសហើយពីព្រោះសូមកុំ ភ្លេចថា ការបណ្តុះបណ្តាលអ្នកបន្តវេនត្រូវការពេលវេលាយូរណាស់ដោយសារម្យ៉ាង ត្រូវការការគាំទ្រពីផ្ទៃក្នុងបក្ស និងម្យ៉ាងទៀតត្រូវការបេក្ខជនដែល មានសមត្ថភាព ហើយរៀនធ្វើ ការបណ្តើរៗមុននឹងចេញមុខជា សាធារណៈ។ ក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង និងក្នុងខណៈពេលដែលយុវជនជំនាន់ក្រោយបាននិងកំពុងចាកចេញពី ទណ្ឌិត សម រង្ស៊ី ស្ទើរតែអស់ទៅ ហើយនោះ តើអ្នកនយោបាយអាយុ៧៣ឆ្នាំរូបនេះមានពេលវេលាឯណាដើម្បីរៀបចំអ្នកបន្តវេន? តើអ្នកបន្តវេនរបស់ក្រុមប្រឆាំងនៅឯណា??? គឺជាសំណួរដែលគ្មានចម្លើយជារៀងរហូត៕

    ដោយ:អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង