គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ផ្ទះ​ទេវតា​ចំនួន​ ៣​ខ្នង​ បានប្រគល់​ជូន​ទុរគត​ជន ​ជន​ចាស់​ជរាគ្មាន​ទីពឹង ​នៅ​ខេត្ត​កំពង់ស្ពឺ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០​ |
    ផ្ទះ​ទេវតា​ចំនួន​ ៣​ខ្នង​ បានប្រគល់​ជូន​ទុរគត​ជន ​ជន​ចាស់​ជរាគ្មាន​ទីពឹង ​នៅ​ខេត្ត​កំពង់ស្ពឺ​ ផ្ទះ​ទេវតា​ចំនួន​ ៣​ខ្នង​ បានប្រគល់​ជូន​ទុរគត​ជន ​ជន​ចាស់​ជរាគ្មាន​ទីពឹង ​នៅ​ខេត្ត​កំពង់ស្ពឺ​

    កំពង់ស្ពឺ៖​ លោកជំទាវ​ ឌី សុខី​ទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​ ៣ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែល​ពិធី​នេះក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាដែន​ដី​ផង​ដែរ។

    ១- ផ្ទះ​លេ​ខ២៨៣​ ប្រគល់​ជូន​ លោក​យាយ​ប្រាក់​ នៅ ​មាន​អាយុ៧៥ឆ្នាំ ​រស់​ភូមិ​គោល ​ឃុំមនោរម្យ​ ស្រុក​ថ្ពង​ខេត្ត​កំពង់​ស្ពឺ ​ជា​អំណោយរ​បស់​លោក​ ហ៊ីវ គឹ​មហេង​ និង​លោក​ស្រី ​លឹម ស្រីពៅ​។

    ២- ផ្ទះលេខ ២៨៤ ប្រគល់ជូន អ្នកមីង ជិន សម្បត្តិ មានអាយុ៦២ឆ្នាំ រស់ នៅភូមិចំបក់ផ្អែម ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់ លោក ហេង ណន និងលោកស្រី ហ៊ីវ រតនា។

    ៣- ផ្ទះលេខ២៨៥ ប្រគល់ជូនលោកយាយ ហ៊ុន ផាន មានអាយុ៧៨ឆ្នាំ និងលោកតា ហ៊ុន ហឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជា​អំណោយ​របស់​លោក​ វណ្ណហុង និងលោកស្រី អ៊ីមផាន វណ្ណឌី។

    ក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ បានពាំនាំយកនូវប្រសាសន៍​ផ្តាំ​ផ្ញើសាក​សួរ​ សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេជោ ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​សម្តេច​ទាំ​ង​ទ្វេតែង​គិត​គូរ​អំពី​សុខ​ទុក្ខ​ដល់​ពុកម៉ែ ​បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

    លោកជំទាវ ក៏បានមានប្រសាសន៍ឱ្យពុកម៉ែ បង​ប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​ប្រចាំថ្ងៃ ​ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់​ម៉ាស់​ផង​ដែរ​ ដើម្បី​ការពារ​ជំងឺ​កូវីដ​-១៩។​

    លោកតា លោកយាយដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួល អំណោយពី​សម្តេចតេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បន្ថែម​ទៀត​រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ ​គ្រឿង​ឧបភោគ​-បរិភោគ​ជា​ច្រើនមុខ​ និង​ថវិកា​មួយចំនួន។

    ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ​របស់​សម្តេច​ទាំង​ពីរ​ជូន​ដល់​លោកតា ​លោកយាយ និងក្មួយៗសិស្សានុសិស្សដែលបាន ចូលរួមអបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ដែរ​ អំណោយ​ផ្តល់ជូនរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន៕

    ពាក្យគន្លឹះទាក់ទង