លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជូនដល់ពលរដ្ឋក្រីក្រ និងសួរសុខទុក្ខដល់សិស្សពិការ គ ថ្លង់ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៦ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង មានទំហំ ៨*១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក អៀង សុភក្តិ អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហុង អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកជាជនពិការជើងខាងស្តាំ និងដាច់អវយវៈខាងក្រោម និងមានកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់។
លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។
ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញមក សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ សិស្សពិការ គ ថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម (អតីតអង្គការគ្រួសារថ្មី) ខេត្តកំពង់ចាម ។ លោកជំទាវបានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់សិស្សពិការ គ ថ្លង់ទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ នៅវិទ្យាល័យអប់រំពិសេសនេះ មានសិស្សពិការភ្នែក និង គ ថ្លង់ ចំនួន១៧៥នាក់ ស្រី៧៥នាក់ បុគ្គលិក៣៣នាក់។ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖ ១-អង្ករ៦បេ(៥០០Kg), ២-ត្រីខ៣០យួរ(៣០០កំប៉ុង), ៣-មីចំនួន៨កេសធំ (៤៨កេសតូច), ៤-ទឹកដោះគោខាប់៣កេស(១៤៤កំប៉ុង), ៥-ត្រីងៀត៧គីឡូ, ៦-សាច់ក្រក៧គីឡូ, ៧-សាច់ជ្រូកផាត់៧គីឡូ, ៨-ប៊ីចេង៥គីឡូ, ៩-ទឹកត្រី១០យួរ(៦០ដប), ១៩-ទឹកស៊ីអ៊ីវ១០យួរ(៦០ដប), ១១-ម៉ាស៣០ប្រអប់( ១៥០០ម៉ាស), ១២-ថ្នាំវីតាមីនសេ(២០៨ទីប), ១៣-សាប៊ូ ២០៨ដុំ, ១៤- កន្សែងជូនខ្លួន ១៧៥កន្សែង, ១៥- ច្រាស និងថ្នាំដុសធ្មេញ២០៨ឈុត, ១៦- ទឹកសុទ្ធ អារុណា ៥០កេស, ១៧- កាបូបសិក្សា១៧៥កាបូប, ១៨- កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ ចំនួន៤៤នាក់, ១៩-ថវិកាក្នុងកញ្ចក់សិស្សអាយុលើស១៨ឆ្នាំក្នុងម្នាក់៥០$, ២០- ថវិការសម្រាប់សាលា ២លានរៀល។
បន្ទាប់មកនៅថ្ងៃដដែលនេះផងដែរ លោកជំទាវក៏បានអញ្ជើញទៅ ប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ នៅក្នុងខេត្តកំពង់ចាមនេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្ត សុវណ្ណ រង្សីស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេស នៅក្នុងវិបត្តិកូវីដ១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖ ០១-អង្ករ១តោន, ០២-ត្រីខ ចំនួន១កេស មាន១០យួរ, ០៣-មីចំនួន៥កេសធំ(៣០កេសតូច), ០៤- ត្រីងៀតចំនួន ១០ គីឡូ, ០៥- សាច់ក្រកចំនួន១០ គីឡូ, ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ, ០៧- ទឹកដោះគោខាប់ ចំនួន២កេស, ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ, ០៩- តែ ចំនួន ២គីឡូក្រាម, ១០- ស្ករសចំនួន១បេ, ១១- អំបិលចំនួន១បេ, ១២- ប៊ីចេងចំនួន១បេ, ១៣- ទឹកត្រីចំនួន៥យួ, ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ, ១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច, ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត, ១៧- វីតាមីនសេ ចំនួន ១០ ប្រអប់, ១៨- ប្រេងកូឡា ចំនួន ៥ ដុំ, ១៩- ប្រេងខ្យល់ ចំនួន៥ដុំ, ២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស, ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន, ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប, ២៣- ស្លាដក់ចំនួន៤៩, ២៤- ថវិកា ចំនួន២លានរៀល៕