គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១កុម្ភៈនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២​ |
    អគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១កុម្ភៈនេះ អគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១កុម្ភៈនេះ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសចុះត្រួត​ពិនិត្យការ​ប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ដែលការ​ចុះត្រួត​ពិនិត្យនេះ នឹងធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ នេះបើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

    អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនដល់ម្ចាស់យានយន្តទាំងអស់ថា ក្រុមការងារ​ចម្រុះ​រាជ​ធានី-​ខេត្ត​ ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួត​ពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ​គ្រប់ប្រភេទ​ប្រចាំ​ឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ។

    ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង​យានជំនិះ​គ្រប់ប្រភេទប្រចាំឆ្នាំ២០២១កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់​ពិន័យ​តាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ, ធនាគារអេស៊ីលីដាភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារ ជេត្រាស់រ៉ូយ៉ាល់, ធនាគារស្ថាបនាភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជាក.អ, ធនាគារ (ABA) ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធកន្លងមក។

    សូមបញ្ជាក់ដែរថា  ការចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះប្រចាំឆ្នាំ២០២១ខាងលើនេះ គឺធ្វើឡើងអនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

    ពាក្យគន្លឹះទាក់ទង