គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​​ពលរដ្ឋ​ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​​ពលរដ្ឋ​ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​​ពលរដ្ឋ​ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា

    ភ្នំពេញ៖ បើទោះបីជាចំនួនករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១ មាន​ការ​ថយចុះ​បើធៀប​ទៅ​នឹង​ឆ្នាំ២០២០ ក៏ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នូវតែសម្ដែងក្ដីព្រួយ​បារម្ភអំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន ដែល​​បណ្ដាល​ឱ្យ​មាន​ការបាត់បង់ជីវិត មាន​ពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង​ទ្រព្យសម្បតិ្ត​សាធារណៈ​ជារៀងរាល់ថ្ងៃ។

    ថ្លែង​ក្នុងកិច្ចប្រជុំបូកសរុប​លទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ២០២១ និង​លើក​ទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក បានបន្តកត់​សម្គាល់​អំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោកកាលពីឆ្នាំ២០២១ ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទោះបីជា​តួលេខ​គ្រោះ​ថ្នាក់នៅ​រាជធានី​ខេត្តមួយចំនួ​ននៅតែស្ថិតក្នុងអត្រាខ្ពស់ និង​មាន​កំណើន​គ្រោះថ្នាក់​នា​ថ្ងៃ​បុណ្យឈប់សំរាកក៏ដោយ។

    សម្ដេច បានយកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ខិត​ខំ​បំពេញភារកិច្ច និងចូលរួមគាំទ្រ ធ្វើឱ្យការងារ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍នៅឆ្នាំ២០២១ មានភាពល្អប្រសើរ។ សម្ដេច ក៏បានសម្ដែងការកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្ត ដែលបើទោះបីជាត្រូវ​រែកពន្ធ​ការដោះស្រាយ​បញ្ហា​បង្ក​ឡើង​ដោយជំងឺកូវីដ-១៩ ប៉ុន្តែនៅតែបន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ស្ពាន និងដឹកនាំអនុវត្តការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក៏បានសម្ដែងការកោតសរសើរចំពោះការរៀបចំប្រព័ន្ធផាកពិន័យទំនើប ពិសេស​ការ​ររៀប​ចំ​ប្រព័ន្ធ​ដកពិន្ទុចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ សម្ដេចក៏បានសម្ដែងការកោតសរសើរ និងលើក​ទឹកចិត្តខ្ពស់ចំពោះមន្រ្តីអនុវត្តច្បាប់ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមាន​ភាពបត់បែន។

    យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម នៅតែបន្តសម្ដែង​ក្ដីព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នៅ​តែ​បន្ត​កើតមានក្នុងចំនួនច្រើន និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មាន​ពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈជារៀងរាល់ថ្ងៃ ពិសេសការ​ចាប់ផ្ដើម​ហក់ឡើវិញ​ នៃ​អត្រាគ្រោះថ្នាក់​ចរាចរណ៍​បន្ទាប់​ពី​មាន​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និងសង្គម។ សម្ដេច​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ទាំងអស់​គោរព​ច្បាប់ចរាចរណ៍​ឱ្យ​បានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា។

    សម្ដេចក្រឡាហោម បានណែនាំឲ្យបន្តការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់​តែមាន​ប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់នឹងវិធានការបច្ចេកទេស ដូចជា​ការបំពាក់​កាំមេរ៉ា​ត្រួត​ពិនិត្យល្បឿន ឬល្មើសសញ្ញាចរាចរណ៍ ត្រៀមកម្លាំងល្បាត​អនុវត្តច្បាប់តាមផ្លូវល្បឿនលឿន ការដកពិន្ទុលើបណ្ណបើកបរ ពង្រឹងការអនុវត្តម៉ឺងម៉ាត់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវពង្រឹងការបណ្ដុះបណ្ដាលធនធានមន្ត្រីទាំងចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេស ប្រតិបត្តិការ និងសីលធម៌។

    យោងតាមរបាយការណ៍ នៅឆ្នាំ២០២១ កន្លង​ទៅ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះធៀ​ប​នឹង​ឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស ហើយ​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​យានយន្ត​សរុបជាង ២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្ត​ល្មើស​ និង​ពិន័យ​ជាង​ ២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកា​សរុបជាង​ ១៩ប៊ីលានរៀល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២១ មានចំនួន២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥ ក្នុងនោះរបួសធ្ងន់មាន២២៤៦នាក់។ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគ​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមាន​ បើកបរ​លើស​ល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ៥០៩លើក ស្លាប់ថយចុះ១៤៩នាក់ និងរបួសថយចុះ១០៧១នាក់។

     

    អត្ថបទទាក់ទង