គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២២៩៥ លានដុល្លារអាមេរិកឆ្នាំ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២​ |
    គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២២៩៥ លានដុល្លារអាមេរិកឆ្នាំ២០២១ គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២២៩៥ លានដុល្លារអាមេរិកឆ្នាំ២០២១

    ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១ ប្រមូលចំណូលបានជាង ៩ ២៩៥ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២៩៥ លានដុល្លារអាមេរិក សម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។

    ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២១កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៩ ២៩៥ ប៊ីលានរៀល ស្មើប្រមាណជាង ២ ២៩៥ដុល្លារអាមេរិក ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០ ដោយ​សម្រេច​បានជាង ៩៧% នៃផែនការច្បាប់។

    គិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួនជាង ៣ ៥២២ ប៊ីលានរៀល, អាករពិសេស​មានចំនួន ៣ ៥១៣ ប៊ីលានរៀល, ពន្ធគយជាង ១ ៦៧១ ប៊ីលានរៀល អាករ​បន្ថែមលើផលិតផលប្រេងជាង ៤០៣ ប៊ីលានរៀល​ និងអាករ​នាំចេញនិងកម្រៃ ផ្សេងៗមាន​ចំនួន​ជាង ១៨៥ ប៊ីលានរៀល ។

    ចំណែកក្រុមទំនិញវិញ ក្នុងនោះយានយន្ត និងគ្រឿងចក្រ មានចំនួនជិត ៤ ០០០ ប៊ីលានរៀល ត្រូវ ៤៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួនជាង ២ ៥៧៩ ប៊ីលានរៀល ​ស្មើនឹង២៨%, ផលិតផល​តេលសិលាជាង ២ ១៥៧ ប៊ីលានរៀល ត្រូវជាង ២៣%, សម្ភារៈសំណង់​ និងកម្រៃផ្សេងៗ មាន​ចំនួនជាង ៥៦០ ប៊ីលានរៀល ត្រូវប្រមាណ ៦% នៃចំណូលសរុប។

    ដោយឡែក ការនាំចេញផលិតផលកាត់ដេរមានចំនួន ជាង ១១ ៣៨៩ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ១ ៥០៥ លានដុល្លារ, ការនាំចេញផលិតផលវិនិយោគ ​មិនមែនកាត់ដេរដូចជា៖ គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផលពីឈើ​ ស្បែកសត្វកែច្នៃ ​ផលិតផលប្លាស្ទិច គ្រឿងបន្លាស់​រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀតមានចំនួនជាង​ ៤ ៥៤២ លានដុល្លារ កើនឡើង​ប្រមាណជាង ១ ៣៩២ លានដុល្លារ។

    ចំណែកការនាំចេញកសិផលមានចំនួនជាង​ ២ ៨១៧ លានដុល្លារ ​កើនឡើង ៣៩% ក្នុងនោះការ​នាំចេញស្រូវមានតម្លៃជាង ៨២៦ លានដុល្លារ ​កើនឡើងជាង ៣៦០ ​លានដុល្លារ ត្រូវជាង​ ៧៧%, ការនាំចេញអង្ករ ​សម្រេចជាង ៤២៤ លានដុល្លារ ថយចុះ ១៦%, ​ការនាំចេញកៅស៊ូមានតម្លៃជាង ៣៩៩ លានដុល្លារ កើនឡើង ៤៦%, ​និងកសិផលផ្សេងទៀតមាន​តម្លៃជាង ៦៥៣ លានដុល្លារ កើនឡើង ៦៨%ផងដែរ៕ BTVNews

     

    អត្ថបទទាក់ទង