ស្ថានទូតអាមេរិក ថ្លែងអំណរគុណដល់កម្ពុជា ដែលជួយសម្របសម្រួលដល់មន្ត្រីការទូតរបស់ខ្លួន ត្រលប់មកបំពេញបេសកកម្មវិញ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W.Patrick Murphy បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការជួយសម្របសម្រួលវិធានការមួយចំនួនដល់មន្ដ្រីការទូតរបស់ខ្លួន វិលត្រលប់ចូលមកកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះ របស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការចម្លងជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ជាពិសេសលោកបានកោតសរសើរហើយសរសើរទៀត ចំពោះការចាត់ចែងការងារក្នុងការគ្រប់គ្រងនូវស្ថានភាព នៃការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងជោគជ័យមកដល់បច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាមន្ដ្រីដែលមានកិច្ចសហប្រតិបត្ដិការល្អជាមួយវិស័យសុខាភិបាលនៅកម្ពុជា ដែលកន្លងមកបានជួយលើវិស័យសុខាភិបាលជាច្រើនផងដែរ ជាពិសេស ក្នុងកំឡុងការរាតត្បាតជំងឺកូវីដ១៩ អាមេរិកបានផ្ដល់ថវិកាមួយចំនួនដល់ដៃគូរបស់ខ្លួន ដើម្បីជួយលើកស្ទួយវិស័យសុខាភិបាល។
ទន្ទឹមនឹងនោះ រដ្ឋមន្រី្ដថ្លែងបន្ដថា ក្នុងឱកាសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រសួងក៏នឹងពង្រីកមន្ទីរពិសោធន៍បន្ថែមទៀត នៅតាមបណ្ដាខេត្ដមួយចំនួន ក្រៅពីខេត្ដសៀមរាប និងបាត់ដំបង ដើម្បីបង្ខិតសេវានេះឱ្យកាន់ជិតប្រជាពលរដ្ឋ ដូច្នេះសង្ឃឹមថា នឹងមានដៃគូអភិវឌ្ឍបន្ដជួយបន្ថែមទៀត។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕ ប្រភព៖ FreshNews