គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២​ |
    វឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ វឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

    ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំការប្រជុំលើកទី៣ ដើម្បីដោះស្រាយចំពោះវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រោម​វត្តមានឯកឧត្ដម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប រួមនឹង​តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

    ក្រោយពីពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញ​ពន្យល់អំពីនីតិវិធីនៃការដោះស្រាយ​វិវាទការងារ របស់ប្រធានអង្គប្រជុំ ភាគីទាំង២ បានឯកភាពគ្នាដូចខាងក្រោម៖

    ១. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ជូនករណីវិវាទនេះ ត្រលប់ទៅដោះស្រាយនៅ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឡើងវិញឡើយ។

    ២. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយ៖ – តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹង | ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ – ឯកភាពកំណត់យកតែចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្តាលលេខ ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។

    ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់​ក្នុងការចូលរួមដោះស្រាយ​បញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ​ដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរ​អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

     

     

    អត្ថបទទាក់ទង