ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានទៅទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬព្រឹត្តិការណ៍សមរាត្រី នៅថ្ងៃទី២១មីនា
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាចូលទៅក្នុងបរិវេណ នៃប្រាសាទអង្គរវត្តនាខេត្តសៀមរាប ចាប់តាំងពីព្រលឹមស្រាងៗ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងបំណងឈរចាំមើលព្រឹត្តិការណ៍អច្ឆរិយៈដ៏អសា្ចរ្យ គឺថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ឬព្រឹត្តិការណ៍ “សមរាត្រី”។
អគ្គនាយករងអជ្ញាធរជាតិអប្សារា លោក ឡុង កុសល បានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញ នៅក្នងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា បើទោះបីចំនួននេះច្រើនជាងចំនួនភ្ញៀវដែលបានចូលមកទស្សនាប្រាសាទអង្គរវត្តរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែវាមានចំនួនតិចនៅឡើយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ លោកបន្ថែមថា ប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរជាងនេះ ជាពិសេសគួបផ្សំជាមួយការដកចេញនូវលក្ខខណ្ឌផ្សេងៗសម្រាប់ភ្ញៀវទេសចរ នោះគេនឹងមានការសង្ឃឹមថានឹងមានភ្ញៀវទេសចរចូលមកលេងប្រទេសកម្ពុជា ជាពិសេស គឺនៅប្រាសាទអង្គរវត្តក្នុងព្រឹត្តការណ៍ សមរាត្រីនៅខែកញ្ញាខាងមុខនេះម្ដងទៀត។
ត្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដាលកំពូលប្រាសាទអង្គរវត្ត ហើយទេសចរបង្ហាញការសប្បាយរីករាយ។
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » គឺថ្ងៃរះនៅចំកំពូលកណ្ដាល នៃប្រាសាទ អង្គរវត្តនៅ ថ្ងៃទី២១ ខែមីនា គឺជាព្រឹត្តិការណ៍ពិសេសជាពេលវេលា ដែលបែងចែកដំណើរគោចររបស់ព្រះអាទិត្យ រវាងពេលថ្ងៃនិងពេលយប់មាន រយៈពេលស្មើគ្នាដោយខុសពីខែធម្មតាខ្លះរយៈពេលយប់ វែងជាងពេលថ្ងៃឬក៏ រយៈពេលថ្ងៃវែងជាងយប់ ហើយវាគឺជាព្រឹត្តិការណ៍ទូទៅរបស់ ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។
សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីនេះ កើតឡើង មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈ ពិសេសរបស់បុព្វបុរសខ្មែរ ដែលបាន រៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្តបង្កើតចេញជាព្រឹត្តិការណ៍អច្ឆរិយៈ គឺថ្ងៃរះចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត នេះឡើងក្នុង១ឆ្នាំពីរដងហើយក៏ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕