សោភណ្ឌភាពក្រុងសៀមរាប នៅទីតាំងមួយចំនួន ក្រោយការស្ថាបនាផ្លូវ ៣៨ខ្សែរួចរាល់
ភ្នំពេញ៖ ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍រួចរាល់ ១០០% ហើយ ដោយចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ និងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសាខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ប្រវែង ១០៦,៤២៤គីឡូម៉ែត្រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយពីសាងសង់រួចរាល់ ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក៏ដូចជាថ្ងៃសំរាកនានាផងដែរ។
ផ្លូវទាំងនេះ គឺជាសរសៃឈាមដ៏រស់រវើកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារក្នុងការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់ សូមចូលរួមថែរក្សាអនាម័យ សោភណ្ឌភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណតដើម៕