គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតរបស់មន្ត្រីសហជីព៖ ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២​ |
    លិខិតរបស់មន្ត្រីសហជីព៖ ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លិខិតរបស់មន្ត្រីសហជីព៖ ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

    គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចប្បន្ននេះ គឺជិតមួយឆ្នាំហើយដែលក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD នៅតែបន្តដឹកនាំធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌការងារផ្សេងៗពីក្រុមហ៊ុន។ បើតាមព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់កន្លងមកនេះបង្ហាញថា ការដោះស្រាយវិវាទការងារដែលកើតចេញពីការកាត់បន្ថយបុគ្គលិកចំនួនជាង១៣០០នាក់ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច បានជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ និងព្យាយាមផ្សះផ្សារភាគីទាំងពីរសរុប ៩លើករួចមកហើយ បន្ថែមពីលើនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញសេចក្តីសម្រេច ផងដែរក៏ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ គឺយកបាតុកម្មជាត្រីមុខ រហូតដល់មានការចាប់ខ្លួន និងដោះលែងជាបណ្តោះអាសន្ន មេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេសរុប ១១នាក់ ជាមួយលក្ខខណ្ឌដែលពួកគេបានធ្វើកិច្ចសន្យាដើម្បីចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុន NAGAWORLD ដើម្បីបញ្ចប់ជម្លោះ។

    បើបញ្ហាវិវាទការងារនេះបានកើតឡើងដោយសារការកាត់បន្ថយបុគ្គលិកជាង ១៣០០នាក់ តើបុគ្គលិកក្រុមហ៊ុន NAGAWORLD ទាំងនោះមានជំហរយ៉ាងណារហូតដល់បច្ចុប្បន្ននេះ? នៅថ្ងៃក្រុមហ៊ុនរំសាយបុគ្គលិក គឺបុគ្គលិកភាគច្រើនមិនតវ៉ាអ្វីឡើយ ដោយយល់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ដោយមើលឃើញថាក្រុមហ៊ុនពិតជាជួបវិបត្តិគ្មានភ្ញៀវ ដោយសារជំងឺកូវីដ១៩ មែន គឺមានតែអតីតបុគ្គលិកចំនួនជាង ៣០០នាក់ប៉ុណ្ណោះដែលធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ហើយបន្ទាប់ពីមានការទទួលយកសំណងជាបន្តបន្ទាប់ គឺចំនួនបាតុករបានថយចុះ ដែលចំនួនចុងក្រោយថ្មីៗនេះគឺនៅសល់ប្រមាណតែជាង ២០០នាក់ប៉ុណ្ណោះដែលនៅបន្តធ្វើបាតុកម្ម។ អ្នកតវ៉ា ២០០នាក់នេះក៏ក្រុមហ៊ុនបានផ្ញើប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារចូលក្នុងកុងធនាគាររបស់ពួកគេរួចរាល់ផងដែរ។

    និយាយពីអតីតបុគ្គលិកដែលបានធ្វើបាតុកម្មតវ៉ាចំនួនជាង ៣០០នាក់នោះវិញ ឃើញថាចាប់ពីថ្ងៃដំបូងនៃការតវ៉ា គឺចាប់ផ្តើមពីការឈរស្រែកកាន់បដានៅមុខក្រុមហ៊ុន រហូតដល់បិទផ្លូវដឹកទំនិញចេញចូលរបស់ក្រុមហ៊ុន រារាំងបុគ្គលិកដែលនៅសេសសល់ជាង ៦ពាន់នាក់មិនឱ្យចូលធ្វើការ និងរារាំងអតិថិជនក្រុមហ៊ុន។ ដោយសារក្រុមហ៊ុនមានសិទ្ធិក្នុងការកាត់បន្ថយបុគ្គលិកស្របតាមច្បាប់ មិនអាចបំពេញលក្ខខណ្ឌរបស់បុគ្គលិកដែលទាមទារឱ្យពួកគេចូលធ្វើការវិញនោះ ក្រុមបាតុករបានបង្កើនសកម្មភាពតវ៉ារបស់ខ្លួន ដោយនាំគ្នាស្រែកវាយប្រហារប្រមាថលើសមត្ថកិច្ច ប្រើប្រាស់ស្ត្រីមានផ្ទៃពោះ និងកុមារឈរនៅជួរមុខបាតុកម្ម ហើយមេបាតុករបានប្រកាសត្រៀមខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទៀតផង។ ក្នុងយប់ថ្ងៃឆ្លងឆ្នាំសាកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាពេលដែលប្រជាពលរដ្ឋខ្មែរទៅដើរលេងកំសាន្តនៅតំបន់នោះ ពួកគេកាន់តែពង្រីកសកម្មភាពតវ៉ាឱ្យកាន់តែធំថែមទៀត។

    ការតវ៉ានេះក្លាយជាការបាតុកម្មខុសច្បាប់ នៅពេលដែលភាគីទាំងសងខាងចូលខ្លួនទៅចរចារជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងអំឡុងពេលនោះច្បាប់មិនអនុញ្ញាតិឱ្យមានការតវ៉ាតាមទីធ្លាសាធារណៈទៀតឡើយ គឺរង់ចាំដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តុលាការក៏បានសម្រេចហាមឃាត់ការធ្វើបាតុកម្មរបស់កម្មករនយោជិតទាំងនោះផងដែរ ដោយបានកំណត់ថា កម្មករនយោជិតដែលបន្តធ្វើបាតុកម្មផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវកំណត់ថាជាបាតុកម្មខុសច្បាប់ និងត្រូវចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ាដដែល។

    សមត្ថកិច្ចថែមទាំងបានយកដីការសម្រេចស្តីពីការហាមឃាត់ការធ្វើបាតុកម្ម ទៅអានបញ្ជាក់ជូនដល់មុខក្រុមបាតុករ ហើយមេដឹកនាំក៏បានចុះហត្ថលេខាទទួលដីកាសម្រេចនោះផងដែរ ក៏ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មខុសច្បាប់ដដែល។ ដោយការពិនិត្យផ្លូវច្បាប់យ៉ាងល្អិតល្អន់ បូករួមនឹងភ័ស្តុតាងជាក់ស្តែងមានគ្រប់គ្រាន់ បាតុករមួយចំនួនត្រូវបានចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចក៏បានចាត់វិធានការតាមច្បាប់ចំពោះមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេ ដោយត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ សម្រេចឃុំខ្លួន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

    ចុះហេតុអ្វីបានជាតុលាការ សម្រេចដោះលែងមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង ១១នាក់ ដែលជាអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD ដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទៅវិញ?

    បន្ទាប់ពីការចាប់ខ្លួនក្រុមមេដឹកនាំបាតុកម្មខុសច្បាប់ហើយ ដើម្បីបើកច្រកដល់ការដោះស្រាយបញ្ចប់វិវាទការងារនូវក្នុងក្រុមហ៊ុន NAGAWORLD និងដោយមើលឃើញពីឆន្ទៈរបស់មេសហជីពមានចេតនាចង់សម្របសម្រួលដោះស្រាយបញ្ហា ដោយបានធ្វើកិច្ចសន្យាបញ្ជាក់ផង ទើបតុលាការបានសម្រេចដោះលែងបុគ្គលទាំងនោះជាបណ្តោះអាសន្ន។ ក្នុងកិច្ចសន្យាធ្វើឡើងនៅថ្ងៃទី១២ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមានស្នាមមេដៃមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមខ្លួនដទៃទៀត មួយច្បាប់ម្នាក់ បានសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ មេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យនាង និងក្រុមរបស់នាង បាននៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ហាដែលនោះសេសសល់ទាំងនោះ ដោយមានខ្លឹមសារថា៖
    • មិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិទៀតឡើយ
    • អំពាវនាវដល់បុគ្គលិកដែលក្រុមហ៊ុនមិនបានកាត់បន្ថយ ហើយកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការវិញទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
    • ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

    ប៉ុន្តែជាការគួរឱ្យសោកស្តាយបន្ទាប់ពីតុលាការសម្រេចឱ្យមានការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែមីនា បែជាមេសហជីពមិនគោរពតាមកិច្ចសន្យា ដោយអះអាងតាមបណ្តាសាព័ត៌មានក្រៅស្រុកថា ពួកគេមិនចូលតុចរចាដើម្បីរកដំណោះស្រាយវិវាទទេ ដរាបណាតុលាការមិនដោះលែងសមាជិកសហជីព ៣នាក់ទៀត ហើយក្រុមនេះនៅតែចិញ្ចឹមចិត្តញុះញង់កម្មករដែលនៅសេសសល់ប្រមាណ ១០០ ទៅ ២០០នាក់ ឱ្យបន្តធ្វើបាតុកម្មអណាធិបតេយ្យខុសច្បាប់ដដែល ជាមួយនឹងការទាមទារលក្ខខណ្ឌដែលខុសពីគោលការណ៍ច្បាប់ និងមិនអាចទទួលយកបានពីសំណាក់ភាគីក្រុមហ៊ុន ជាពិសេសគឺសកម្មភាពរបស់ពួកគេបានប្រាស់ចាកពីកិច្ចសន្យាទាំងស្រុង ដែលបានធានាអះអាងជូនទៅតុលាការដើម្បីសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន។

    ការទាមទារលក្ខខណ្ឌថ្មីៗជាបន្តបន្ទាប់ ក្រោយចេញពីពន្ធនាគារបែបនេះ នឹងមិនអាចដោះស្រាយបញ្ហាបានទេ ផ្ទុយទៅវិញវាគឺជាការដុតកំដៅបញ្ហាឱ្យឆេះក្តៅឡើងវិញ។ បញ្ហាវិវាទការងារក្រុមហ៊ុន NAGAWORLD នេះគប្បីមានការយោគយល់គ្នា ដោយសុច្ចរិតពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ។ ប្រសិនជាមេដឹកនាំសហជីពគោរពទៅតាមកិច្ចសន្យារបស់ពួកគេខាងលើ បូកជាមួយការយល់ព្រមដោះស្រាយជាបន្តបន្ទាប់ពីក្រុមហ៊ុន NAGAWORLD ដោយការសម្របសម្រួលពីក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងរំពឹងថាវិវាទក្នុងក្រុមហ៊ុននេះ នឹងដោះស្រាយដោយរលូន មិនមានភាពអាណាធិបតេយ្យដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែយើងបានមើលឃើញថាឬសគល់ដែលនាំឱ្យមានដល់សព្វថ្ងៃនេះ គឺការបំពានកិច្ចសន្យាពីសំណាក់ក្រុមបាតុករ និងការមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលពីសំណាក់ក្រុមបាតុករខុសច្បាប់៕

    ដោយ៖ លោក ជុំ សុភ័គ មន្ត្រីសហជីព

    អត្ថបទទាក់ទង