ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនី
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ បងប្អូនកីឡាករ-កីឡាការិនី ជ័យលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
ឯកឧត្ដមឧត្តមសេនីយ៍ បានបន្តទៀតថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា ដោយកាលពីមុន កម្ពុជាទទួលបានមេដាយមាសតិចតួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦ គ្រឿងពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះជាស្នាដៃរបស់កូនខ្មែរ ហើយជាសក្ខីភាព នៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា ហើយយើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរយើងក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃតួនាទីកម្ពុជានៅក្នុងតំបន់។
ជាមួយគ្នានោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ ក៏សូមអគុណកីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងព្យាយាមយកអស់លទ្ធភាពបន្តហាត់ហ្វឹកហ្វឺនត្រៀមសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ រួមជាមួយនឹងកម្លាំងចិត្តដ៏ខ្លាំងក្លា និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលតែងបានជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈដល់កីទ្បាករ កីទ្បាការិនីឱ្យទទួលបានការហ្វឹកហាត់បានជាប់ជាប្រចាំ សំដៅធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ។ មួយវិញទៀត សកម្មភាពយ៉ាងផុសផុលនៅក្នុងវិស័យកីឡាបច្ចុប្បន្ន ក៏ជាចំណែកមួយក្នុងការជំរុញការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព នៅក្នុងមជ្ឈដ្ឋានប្រជាជនគ្រប់វ័យផងដែរ៕