តំណាងកម្ពុជាប្រចាំUN ថ្លែងបទអន្តរាគមន៍ ៣៣លើក ពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមឡើងថ្លែងបទអន្តរាគមន៍ ៣៣លើក ដោយបានបង្ហាញពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា លើវិស័យសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៤៩ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស តាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន ៤១ កិច្ចពិភាក្សាទូទៅចំនួន០៩ និងកិច្ចពិភាក្សាជាក្រុមចំនួន៨ ព្រមទាំងបានអនុម័តសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់ សរុបចំនួន៣៥។
ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល៥សប្ដាហ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមឡើងថ្លែងបទអន្តរាគមន៍សរុប ៣៣លើក បង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង របស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។