ផ្លូវរថភ្លើងចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា បានចាប់ផ្ដើមបើកឲ្យដំណើរការឡើងវិញហើយ ដើម្បីបម្រើដល់ការដឹកជញ្ជូនអ្នកដំណើរ ពីក្រុងភ្នំពេញនៅកាន់ខេត្តចំនួន ៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែន និងខេត្តព្រះសីហនុ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈពេលកន្លងទៅដោយសារការរីករាលដាល នៃ ជំងឺកូវីដ១៩។
ការបើកឲ្យដំណើរការផ្លូវដែកឡើងវិញនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។
ការចេញដំណើរទៅកាន់ខេត្តទាំង៦ គឺមានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក គឺម៉ោង៦កន្លះ សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត កែប និងព្រះសីហនុ។
ចំពោះតម្លៃសំបុត្រ គឺ មិនមានការតម្លើងថ្លៃទេ ទោះបីជាក្នុងឱកាសបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ក៏ដោយ ដោយពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃសំបុត្រ ២ម៉ឺន ៤ពាន់រៀល ឬ ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ ៧ដុល្លារ, បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ឬ៨ដុល្លារ, កំពត និងកែបតម្លែដូចគ្នា គឺ ៣ម៉ឺន ៦ពាន់រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ៕ ប្រភព៖ BTVNews