គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២​ |
    ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងនិវត្តមកដល់មាតុប្រទេសវិញហើយ

    ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជ ហឬទ័យ ស្ដេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី១២មេសានេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានស្តេចយាងទៅកាន់ទីក្រុងប៉កាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

    យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កេតឃើញមានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ឯកឧត្តមលោកជំទាវជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នការសំខាន់ៗជាច្រើនទៀត។

    ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ខាងមុខនេះ
    ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រជាកូន ជាចៅ បានបួងសួងដល់ព្រះបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក បារមីនៃព្រះមហាស្វេត្រឆ័ត្រនិង បារមីនៃដួងព្រះវិញ្ញាណក្ខ្ធ អតីតៈនៃព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធអតីតៈព្រះបរមរតកោដ្ឋសូមតាមជួយថែរក្សាគ្រង ចំពោះព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រ ជាកូន ជាចៅ បានជ្រកកោន រស់នៅ ការពារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឱ្យរីកចម្រើនរុងរឿងថែមទៀត៕

    អត្ថបទទាក់ទង