គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ខ្មែរចងចាំ !!! ១៧ មេសា ៤៧ឆ្នាំមុន និង ១៧ មេសា ឆ្នាំនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២​ |
    ខ្មែរចងចាំ !!! ១៧ មេសា ៤៧ឆ្នាំមុន និង ១៧ មេសា ឆ្នាំនេះ ខ្មែរចងចាំ !!! ១៧ មេសា ៤៧ឆ្នាំមុន និង ១៧ មេសា ឆ្នាំនេះ

    និយាយពីថ្ងៃ១៧ ខែមេសា ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកមានអាយុចាប់ពី ៥០ប្លាយ​ឡើង​ទៅ​ប្រាកដ​ជា​ចងចាំយ៉ាងច្បាស់នូវថ្ងៃ១៧ ខែមេសា កាលពី ៤៧ឆ្នាំមុន ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែល​បាន​ធ្វើឱ្យប្រជាពលរដ្ឋខ្មែររងការឈឺចាប់ និរាសព្រាត់ប្រាស់ និងស្លាប់បាត់​បង់​ជីវិត​យ៉ាង​ខ្លោច​ផ្សារ​ជា​ទីបំផុត។​

    ១៧ មេសា កាលពី៤៧ឆ្នាំមុន រាជធានីភ្នំពេញ ដែលជាកន្លែងភាសខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះតែ​សង្គ្រាម​រវាងកងទ័ពខ្មែរក្រហម និងកងទ័ពលោក លន់ នល់ ត្រូវបានចូល​កាន់កាប់​ដោយ​កង​ទ័ព​ខ្មែរ​​ក្រហម​ហ៊ុមព័ទ្ធដោយផ្សែងគ្រាប់ផ្លោង និងស្នូរគ្រាប់ភ្លើង។ ប្រជាពលរដ្ឋ ដែល​ពេល​ព្រឹក​ព្រលឹម​បង្ហាញស្នាមញញឹម និងសាទរចំពោះការវាយចូលរបស់កងទ័ពខ្មែរក្រហម ព្រោះរំពឹង​ថា​សង្គ្រាម​រ៉ាំរ៉ៃប្រមាណ ៥ឆ្នាំកន្លងទៅត្រូវបានបញ្ចប់។ តែអ្វីៗមិនដូចការរំពឹងទុកនោះឡើយ នៅពេល​រសៀល ក៏ត្រូវប្រែជាស្រពាប់ស្រពោនបង្កប់ដោយក្តីទុក្ខព្រួយទៅវិញ បន្ទាប់ពី​កង​ទ័ព​ខ្មែរ​ក្រហម​ប្រកាស​ឱ្យពួកគេចាកចេញពីរាជធានីភ្នំពេញ ដោយមិនមានភ្ជាប់​ទៅ​ជាមួ​យ​នូវ​ទ្រព្យ​សម្បត្តិ និងស្បៀងអាហារអ្វីទាំងអស់។ ចាប់ពីរសៀលថ្ងៃទី១៧ ខែមេសា ១៩៧៥ រាជធានី​ភ្នំពេញ ក៏ចាប់ផ្តើមប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ មិនមែនជាទីក្រុងភ្លើងពណ៌ ប្រកប​ដោយ​ភាព​សប្បាយ​ក្អាក​ក្អាយទៀតនោះឡើយ។

    តាមដងផ្លូវជាតិនានាត្រូវបានកកកុញដោយមនុស្សម្នាជាមួយទឹកមុខដ៏ក្រៀមក្រោះជាទីបំផុត ដ្បិតពួកគេត្រូវបានក្រុមទាហានខ្មែរក្រហមចាប់បង្ខំឱ្យចាកចេញពីផ្ទះសម្បែង ត្រូវឃ្លាតឆ្ងាយ​ពី​ក្រុម​​គ្រួសារ ជួបគ្រោះអត់ឃ្លាន គ្មានទីជម្រកជាដើម។ និយាយជារួម ១៧ មេសា កាលពី​៤៧​ឆ្នាំមុន គឺជាវេលាដ៏វេទនាបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។

    តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ តាមដងវិថីនានាចូលមកកាន់រាជធានីភ្នំពេញ បាន​កក​កុញ​ដោយចំនួនយានយន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរប្រុស-ស្រី ក្មេង-ចាស់ ត្រឡប់​ចូល​រាជ​ធានី​ភ្នំពេញ​វិញ បន្ទាប់ពីបានឈប់សម្រាកជួបជុំសាច់ញាតិ ឬធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី១៤-១៦ ខែមេសា កន្លង​ទៅ​នេះ​។​

    រយៈពេល៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានសង្កេតឃើញថា ក្រោមម្លប់សុខសន្តិភាព ក្រោមការ​អភិវឌ្ឍតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងស្ពានយ៉ាងខ្វាត់ខ្វែង ការរក្សាបាន​នូវ​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុងសង្គម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានជួបជុំញាតិមិត្ត និងបានទៅលេង​ទីជិត​ឆ្ងាយ​ជា​មួយ​ក្រុម​គ្រួសារយ៉ាងសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ព្រោះ​តែ​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩។

    តាមរយៈទិដ្ឋភាពក្នុងថ្ងៃទី១៧ ខែមេសា ៤៧ឆ្នាំមុន និង ១៧ មេសា ឆ្នាំ២០២២ បានឆ្លុះបង្ហាញ​ឱ្យ​ឃើញ​ពី​ភាពខុសគ្នានៃសង្គមកម្ពុជា និងជាកញ្ចក់បង្ហាញ​ឱ្យ​ឃើញ​ពី​នយោបាយ​ដឹកនាំ​របស់​អ្នក​នយោបាយ​ខ្មែរ​ជំនាន់នោះ និងអ្នកនយោបាយខ្មែរពេលបច្ចុប្បន្ន។

    មហន្តរាយជាតិ ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរ កាលពី៤៧ឆ្នាំមុន ដោយសារ​តែ​នយោបាយ​ដ៏​ខុស​ឆ្គង​របស់​ក្រុមមេដឹកនាំខ្មែរក្រហម បានធ្វើឱ្យសង្គមកម្ពុជាត្រូវខ្ទេចខ្ទាំ និងស្ទើរតែ​រលាយ​សូន្យ​សុង​។ តែ៤៧ឆ្នាំក្រោយ ក្រោមគោលនយោបាយ និងមាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវ និង​ភាព​ច្បាស់លាស់​របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាន​នឹង​កំពុង​ធ្វើ​ឱ្យ​​សង្គមមានការរីកចម្រើន ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងពោរពេញ​ដោយ​ភាព​សប្បាយ​រីក​រាយផងដែរ បើទោះបីក្នុងបរិបទពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ និងវិបត្តិ​សង្គ្រាម​រវាង​រុស្ស៉ី និងអ៊ុយក្រែន។

    នេះជាការស្តែងឱ្យឃើញច្បាស់ និងឥតមានមន្ទិលសង្ស័យនោះឡើយ ចំពោះការ​ដឹក​នាំរ​បស់​រាជ​រដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺជា​ការ​ដឹកនាំមួ​យ​ប្រកប​ដោយ​ភក្តី​ភាព​ចំពោះ​ជាតិ និងប្រជាជន ជាការដឹកនាំតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ភក្តីភាព និង​ការ​តម្កល់​ប្រយោជន៍ជាតិ និងប្រជាជនជាចម្បងនេះហើយ ដែលជាបុព្វហេតុធ្វើឱ្យសង្គមមួយនេះ ទទួលបាន​នូវការចម្រើនលូតលាស់ ប្រជាពលរដ្ឋត្រូវរស់នៅដោយភាពសុខដុម និងសប្បាយ​រីករាយ​។ សូមបន្តគាំទ្រការដឹកនាំដ៏ត្រឹមត្រូវមួយនេះ ដើម្បីរក្សាបាននូវសុខសន្តិភាព បន្តរក្សា​បាននូវ​ការ​ចម្រើនលូតលាស់ បន្តរក្សានូវស្នាមញញឹម និងភាពរីករាយ​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង