កម្ពុជា សម្រេចកែសម្រួលការធ្វើចត្តាឡីស័កអ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកត្រឹម៧ថ្ងៃ

ភ្នំពេញ៖ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានច៉ាក់វ៉ាក់សាំងពេញលេញ ដោយកំណត់មកត្រឹមតែ រយៈពេល៧ថ្ងៃវិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។
ប្រកាសព័ត៌មានបានឲ្យដឹងថា ចំណុចត្រូវកែសម្រួលនោះ៖
ទី១. កែសម្រួលរយៈពេលធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកនៅត្រឹម ៧ថ្ងៃ
ទី២. កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័ក ក្នុងនោះអ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកមកតាមព្រំដែនគោក ត្រូវធ្វើតេស្តរហ័សចំនួន ២លើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក ។
ជាមួយនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័ក៕