កម្ពុជានាំចេញអង្ករ ក្នុងរយៈពេល៧ខែ បានចំណូលជាង ២៨៥លានដុល្លារ កើនឡើងជាង ៣៨ភាគរយ សម្រាប់ឆ្នាំ២០២០

កម្ពុជាបាននាំចេញអង្ករចំនួន ៤២៦ ០៧៣ តោន ក្នុងរយៈពេល ៧ខែ នៅក្នុងឆ្នាំ២០២០ ដែលគិតជាកំណើនមានប្រមាណជា ៣៨.៣៣% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
សម្រាប់ចំណូលដុលពីការនាំចេញអង្ករបានចំនួន ២៨៥.៨០លានដុល្លាសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ចំពោះកំណើននៃការនាំចេញអង្ករក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារកត្តាមួយចំនួន ដូចជា ៖
១. តម្រូវការស្បៀងក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នៅតាមបណ្តាប្រទេសនាំចូល
២. ការថយចុះនៃអត្រាពន្ធនាំចូលរបស់អង្ករកម្ពុជា ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបពី ១៧០អឺរ៉ូ មក ១៥០អឺរ៉ូ
៣. បរិមាណ និងសុពលភាពនៃកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិននៅមានចំនួនច្រើនរួមនឹងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារហុងកុង អូស្ត្រាលី រុស្សី និង ញូហ្សេឡេនជាដើម
៤.ការធ្វើពិពិធកម្មប្រភេទអង្ករ ពីអង្ករកិនធម្មតាទៅរកទីផ្សារអង្ករសម្រូប អង្ករសរីរាង្គ
៥. ការរក្សាបានកំណើនទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ និង ប្រទេសហ្កាប៊ុង ដែលប្រទេសទាំងបីនេះកាន់កាប់ចំណែកទីផ្សារប្រទេសកម្ពុជា ជិត១៥%នៃបរិមាណអង្ករនាំចេញសរុប។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ចំពោះការនាំចេញអង្ករប្រចាំខែកក្កដា ដែលជាទូទៅ គឺជាខែដែលការនាំចេញបានចំនួនតិចជាងគេនៃចំនួនខែទាំងអស់ប្រចាំឆ្នាំ គិតជាមធ្យមក្នុងខែកក្កដានេះ មានប្រហែលជា ២៦ ០០០ តោន ក្នុងមួយខែ ដោយសារខែកក្កដា ជាខែចុងរដូវនៃស្តុកស្រូវស្រាល ដូចជាសែនក្រអូប សុមាលី និងពពួកស្រូវប្រកាន់រដូវ ដូចជាផ្ការំដួលផងដែរ។ សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨ ៤១៣ តោន ដែលមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៥ បាននាំចេញចំនួន ២៨ ៤៩២ តោន តែខុសគ្នាត្រង់ខែកក្កដា ឆ្នាំ២០២០ ភាគច្រើនជាអង្ករក្រអូប អង្ករសរីរាង្គ ខណៈដែលឆ្នាំ២០១៥ ភាគច្រើនជាអង្ករស ធម្មតា។
សម្រាប់ការនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ គិតជាទឹកប្រាក់បានចំនួន ២០.១២ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមទៀតថា ប្រភេទអង្ករនាំចេញចាប់តាំងពីឆ្នាំ២០១៦ ឃើញថា កំណើននៃការនាំចេញអង្ករក្រអូបមានកំណើនជាលំដាប់ រីឯអង្ករស និងអង្ករចំហុយមានទំនោរធ្លាក់ចុះជាគំហុកចាប់ពីឆ្នាំ២០១៨មក តែមានកំណើនវិញខ្លះ នៅឆ្នាំ២០២០ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ រីឯអង្ករសរីរាង្គនៅមានទំនោរកំណើនជាបណ្តើរៗ។ សំរាប់៧ខែក្នុងឆ្នាំ ២០២០នេះ អង្ករក្រអូបមានកំណើនប្រមាណជិត ៣២% ហើយអង្ករស មានកំណើនកើនជាង៨២% ហើយអង្ករសរីរាង្គមានកំណើនជាង ១៦% បើប្រៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕