អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញគោលការណ៍គ្រឹះ ៣ចំណុចក្នុងការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជារយៈពេល២៧ឆ្នាំមកនេះ

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញពីគោលការណ៍គ្រឹះចំនួន ៣ចំណុច អំពីការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាក្នុងរយៈពេល២៧ឆ្នាំនេះ ។
ឯកឧត្ដមជិន ម៉ាលីន បានសរសេរថា អបអរសាទរខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា!
៣ចំណុច អំពីការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាក្នុងរយៈពេល២៧ឆ្នាំនេះ ដោយផ្អែកលើគុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ៖
១. ក្នុងរយៈពេល២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួមមាន គោលការណ៍សិទ្ធិ និងសេរីភាព គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ។ល។
២. គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើបដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទាំងអស់នេះ ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងផ្អែកលើបរិបទនិងគុណតម្លៃរបស់ខ្មែរទាំងស្រុង ដែលរួមមានវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត សង្គម និងផ្នត់គំនិតខ្មែរ ដើម្បីធានាបាននូវសុខតុមកម្ម និងប្រយោជន៍ជាតិសាសន៍ខ្មែរទាំងមូល។
៣. ប្រជាធិបតេយ្យ មានគោលការណ៍រួម តែមិនមានស្តង់ដាររួមដែលតម្រូវឱ្យប្រទេសទាំងអស់ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសមួយដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទនិងគុណតម្លៃនៃប្រទេសនិងតំបន់នោះផងដែរ៕