គ.ជ.ប ប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខណៈការឃោសនានឹងចាប់ផ្ដើមនៅថ្ងៃទី២១ឧសភាខាងមុខ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្យនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ផ្អែកលើបញ្ជីបេក្ខជនផ្លូវការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ១,៦៥២ ឃុំ សង្កាត់ក្នុង ២៥ រាជធានី-ខេត្ត បានធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតរួចរាល់អស់ហើយ។ ដូច្នេះការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ ដោយមានគណបក្សនយោបាយចំនួន ១៧ (ដប់ប្រាំពីរ) បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមឃុំ សង្កាត់ដែលសាមីគណបក្ស នយោបាយបានចុះបញ្ជីបេក្ខជនផ្លូវការ។
សម្រាប់ការឃោសនារកសំឡេងឆ្នោត មានរយៈពេល ១៤ (ដប់បួន)ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន)ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយ និងបេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ នីមួយៗដែលបានចុះបញ្ជីជាផ្លូវការ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និង ក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប។