ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញពិធីប្រគល់សញ្ញាបត្រដល់បេក្ខជនបណ្ឌិតកិត្តិយស និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ
កាលពីព្រឹកថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២២នេះ នៅសាកលវិទ្យាល័យអន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងសញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិចំនួន ២៨៥ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោកបណ្ឌិត សាបូ អូហ្សាណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ បានធ្វើរបាយការណ៍ជូនពាក់ព័ន្ធ និស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេល នេះ ដែលមានការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយជូនដល់ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងជូនឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងការផ្តល់សញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតចំនួន ២៨៥ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមសាកលវិទ្យាធិការ ក៏ដូចជាសម្មភាពរបស់ថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នេះជាជោគជ័យមួយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល។ជាមួយគ្នានេះដែរឯកឧត្តម ក៏បានអបអរសាទរដល់និសិ្សតដែលបានខិតខំប្រឹងប្រែងសិក្សា រហូតដល់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងមកនេះ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់ឯកឧត្តម មុត ខៀវ និង ឯកឧត្តម សាមន បណ្ឌិត្យ និងប្រគល់សញ្ញាបត្រជូនដល់ និស្សិតទាំង ២៨៥ នាក់ និងផ្តល់កិត្តិយសថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយក្នុងបរិយាកាសស្និទិស្នាល និងរីករាយក្រៃលែង។
សូមជម្រាបជូនថា សាកលវិទ្យាល័យអន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។ សាកលវិទ្យាល័យ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទាំងក្នុងផ្នែកអប់រំ និងស្រាវជ្រាវ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ក៏ដូចជាការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស។ ដើម្បីឆ្លើយតបនឹងការកើនឡើងរបស់និសិ្សត បច្ចុប្បន្នសាកលវិទ្យាល័យអន្តរជាតិ មានទីតាំងកំពុងដំណើរការចំនួន ៤កន្លែងដែលទីតាំងក្នុងរាជធានីភ្នំពេញជាទីតាំងគោល និង៣កន្លែងទៀតនៅតាមបណ្តាខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តកំពត៕