គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្ម​ និងកំពង់ផែពហុបំណងខេត្តកំពត បើកការដ្ឋាសាងសង់នៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២​ |
    គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្ម​ និងកំពង់ផែពហុបំណងខេត្តកំពត បើកការដ្ឋាសាងសង់នៅថ្ងៃនេះ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្ម​ និងកំពង់ផែពហុបំណងខេត្តកំពត បើកការដ្ឋាសាងសង់នៅថ្ងៃនេះ

    កំពត៖ ពិធីបញ្ចុះបឋមសិលា​បើកការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែពហុបំណង ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។

    ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និងដឹកជញ្ជូន ​បានគូស​បញ្ជាក់​ពីតួនាទីយ៉ាងសំខាន់​នៃមជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការ​លើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់​ទីផ្សារអន្តរជាតិ ដែលនឹងនាំមក​នូវភាព​ងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែក​ដល់ការអភិវឌ្ឍ​វិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់​ជីវភាពរស់​នៅជូន​ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើន​សេដ្ឋកិច្ច​តាម​ការរំពឹងទុក។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

    មានមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវគ្រប់កាលៈទេសៈ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការកែទម្រង់ដ៏មុតស្រួចដែលបានដាក់ចេញ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល និងឆន្ទៈដ៏មោះមុតលើការបន្តកំណែទម្រង់ស៊ីជម្រៅ បាននាំ កម្ពុជាទទួលបានការរីកចម្រើនគ្រប់វិស័យ។

    សូមជម្រាបជូនថា ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

    មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

    គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។

    គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

    ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

     

     

    អត្ថបទទាក់ទង